កីឡាករខ្សែ​បម្រើ​ Enock Mwepu របស់ក្រុម Brighton បង្ខំ​ចិត្ត​ចូល​និវត្តន៍​ទាំង​អាយុ ២៤ឆ្នាំ

ខ្សែ​បម្រើ​ Enock Mwepu ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹប​លីគ​កំពូល​អង់គ្លេស Brighton បាន​បង្ខំ​ចិត្ត​ចូល​និវត្តន៍​ក្រោយ​ពី​រក​ឃើញ​ថា​មាន​ជំងឺ​បេះដូង​ត​ពូជ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

កីឡាករ​រូប​នេះ​បាន​ធ្លាក់​ខ្លួន​ឈឺ អំឡុង​ពេល​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហ្សំប៊ី កាល​ពី​ថ្មីៗ​នេះ។ លោក​មិន​បាន​ចូល​រួម​ហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​សម្រាប់​ត្រៀម​ប្រកួត​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ាលី​ទេ ដោយសារ​តែ​លោក​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ លុះ​នៅ​ពេល​ត្រលប់​មក​អង់គ្លេស​វិញ កីឡាករ Mwepu បាន​ធ្វើ​តេស្ត​សុខភាព​នៅ​ក្លឹប Brighton ហើយ​តេស្ត​នេះ​បាន​រក​ឃើញ​ថា ខ្សែ​បម្រើ​រូប​នេះ​មាន​ជំងឺ​បេះដូង។ ខាង​ក្លឹប​បាន​បញ្ជាក់​ថា ជំងឺ​បេះដូង​នេះ​ទើបតែ​រើ​ឡើង​ នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​លេង​កីឡា​ធ្ងន់ៗ។ Mwepu បាន​ចូល​រួម​ជាមួយ​ក្លឹប​អង់គ្លេស​នេះ​តាំង​ពី​ឆ្នាំ២០២១​មក។ កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន ២៧ដង និង​រក​បាន ៣គ្រាប់។ ខ្សែ​បម្រើ​ដើម​កំណើត​អាហ្វ្រិក​រូប​នេះ​បាន​និយាយ​ថា ការ​ចូល​និវត្តន៍​នេះ​ជា​រឿង​ដ៏​ក្រៀមក្រំ​ តែ​ខ្លួន​នឹង​នៅ​តែ​ពាក់ព័ន្ធ​នឹង​កីឡា​បាល់ទាត់ ក្រោម​រូបភាព​ណា​មួយ៕