កីឡាករ​វ័យ​១៩ឆ្នាំ​ Elliott បន្ត​កុងត្រា​ថ្មី​នឹង​ Liverpool រយៈពេល​៥ឆ្នាំ​ជា​ផ្លូវការ

​ខ្សែស្លាប​ Harvey Elliott ដែល​ជា​កីឡាករ​ទើប​មាន​វ័យ​១៩ឆ្នាំ​របស់​ក្លឹប​ Liverpool បានបន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ជា​មួយ​នឹង​ក្លឹប​នេះ​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ រយៈពេល​៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ថ្មី​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។ កីឡាករ​នេះ​បាន​មក​ចូល​រួម​ក្នុង​ក្រុម​ U-21 របស់​ Liverpool កាល​ពី​រដូវកាល​ឆ្នាំ​២០១៩/២០ និង​តំឡើង​ទៅ​លេង​ក្រុម​ឈុត​ធំ​ នៅ​ក្នុង​រដូវកាល​ដដែល​នោះ​។ គិត​មក​ទល់​នឹង​ពេល​នេះ​ Elliott បាន​ចូល​លេង​ឲ្យ​ Liverpool បាន​២២ប្រកួត​ និង​ស៊ុត​ចូល​១គ្រាប់​។ ក្រោយ​ចុះ​កុងត្រា​ថ្មី​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​សម្ដែង​ពេញ​ចិត្ត​យ៉ាង​ណា​ខ្លាំង​ដែល​មាន​កីឡាករ​វ័យ​ក្មេង​ដ៏​មាន​សមត្ថភាព​ចូល​រួម​នឹង​ក្រុម​លោក​ ហើយ​ Elliott ក៏​បាន​អរគុណ​ដល់​ក្លឹប​ដែល​ផ្ដល់​ឱកាស​ផង​ដែរ​៕