ក្រុម​កីឡាករ​ Man Utd បន្ត​ស្នាក់​នៅ​ប្រទេស​ស៊ីប្រ៊ូស​ ក្រោយ​លេង​ឈ្នះ​ប្រកួត Europa League

ក្រុម​កីឡាករ​ក្លឹប Manchester United បាន​បន្ត​ស្នាក់​នៅ​ប្រទេស​ស៊ីប្រ៊ូស ២៤ម៉ោង​បន្ត​ទៀត ក្រោយ​ពី​លេង​ឈ្នះ​ក្លឹប Omino នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Europa League ក្នុង​លទ្ធផល​ ៣ ទល់​នឹង ២ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Erik Ten Hag អ្នក​ចាត់ការ​ក្លឹប​បិសាច​ក្រហម។

ជា​ធម្មតា​នៅ​ក្នុង​ប្រកួត​អន្តរជាតិ​បែប​នេះ ក្រុម​កីឡាករ​ច្រើន​តែ​ត្រលប់​ទៅ​ទឹកដី​ភ្លាម​ៗ ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ស្រុក​នៅ​ចុង​សប្ដាហ៍។ យ៉ាងណាមិញ កីឡាករ​បិសាច​ក្រហម​លើក​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​លម្ហែ​មួយ​ថ្ងៃ​ជាមួយ​នឹង​អាកាសធាតុ​ក្ដៅ​នៅ​តាម​បណ្ដោយ​សមុទ្រ​មេឌីទែរ៉ាណេ។ លោក​ Ten Hag បាន​លើកឡើង​ថា លោក​ចង់​ឱ្យ​កីឡាករ​មាន​កម្លាំង​គ្រប់គ្រាន់​ត្រៀម​ប្រកួត​ប៉ះ​នឹង​ក្លឹប Everton នៅ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ។ ក្លឹប Manchester United នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​លេខ ៦ នៅ​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​ Premier League៕