ក្រុមរបស់ David Moyes កាន់តែល្អ​ឡើងវិញ ក្រោយ​ឈ្នះ Anderlecht

លោក David Moyes អ្នកចាត់ការទូទៅរបស់ក្រុម West Ham United បានសរសើរ Jarrod Bowen បន្ទាប់ពីគេបានតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីក្នុងពានរង្វាន់អឺរ៉ុបរបស់ក្រុមញញួរធំ ក្នុងជ័យជម្នះ 2-1 លើក្រុម Anderlecht ។

Bowen បានស្មើជាមួយនឹងកំណត់ត្រារបស់កីឡាករ Johnny Byrne និង David Cross លើគ្រាប់បាល់អឺរ៉ុបចំនួន 6 គ្រាប់ ខណៈ West Ham បានខិតជិតការឈានទៅវគ្គបន្តនៃពានរង្វាន់ Europa Conference League ទោះបីជានៅសល់ 2 ប្រកួតទៀតក៏ដោយ។

គ្រាប់បាល់ក្នុងតង់ទីមួយរបស់ Said Benrahma និង Bowen គឺគ្រប់ គ្រាន់ដើម្បីធ្វើឱ្យ West Ham ទទួលបានជ័យជម្នះ 4 ដងក្នុង 4 ប្រកួត ពូល B ។ ប៉ុន្តែកីឡាករ Sebastiano Esposito របស់ក្រុមភ្ញៀវ បានស៊ុតប៉េណាល់ទីចុងម៉ោងបាន 1 គ្រាប់ត្រឡប់មកវិញ។

ក្រុមរបស់លោក David Moyes ត្រូវការតែ 1 ពិន្ទុប៉ុណ្ណោះពីការប្រកួតដែលនៅសល់របស់ពួកគេ ដើម្បីឆ្លងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។

ទោះធ្វើបានល្អនៅក្នុងការប្រកួតអឺរ៉ុបក៏ដោយ ក៏ West Ham បានជួបនូវការលំបាកនៅក្នុងចាប់ផ្ដើមនៅរដូវកាលថ្មី ក្នុងក្របខណ្ឌ Premier League ដោយបានចាញ់ 3 ប្រកួតជាប់ៗគ្នានៅក្នុង 3 ប្រកួតដំបូង។ បច្ចុប្បន្ន ពួកគេកំពុងចាប់ផ្ដើមធ្វើបានល្អឡើងវិញ បន្ទាប់ពីឈ្នះ 2 ប្រកួតចុងក្រោយ ដែលធ្វើឱ្យឈរនៅលេខ 13 មាន 10 ពិន្ទុ ក្នុងចំណោមការប្រកួតលីគចំនួន 9 កន្លងទៅ៕