ក្លិប Chelsea ចង់ចុះកុងត្រាយ Marcus Rashford ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅឆ្នាំក្រោយ

យោងតាមសារព័ត៌មាន CalcioMercato បានចុះផ្សាយថា ក្លិប Chelsea ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Marcus Rashford ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅឆ្នាំក្រោយ។

សុពុលភាពកុងត្រារបស់ Rashford ជាមួយ Manchester United នឹងអស់ត្រឹមរដូវក្ដៅឆ្នាំ២០២៣ខាងមុខហើយដោយមកទល់ពេលនេះពុំទាន់មានការពិភាក្សាបន្តកុងត្រាថ្មីជាមួយក្លិបទេ។ នៅរដូវកាលមុន កីឡាករសញ្ជាតិអង់គ្លេសរូបនេះរកបាន៤គ្រាប់គត់ក្នុងការបង្ហាញខ្លួន២៥ប្រកួតនៅ Premier League ដែលធ្វើឲ្យមានការរិះគន់ពីសំណាក់អ្នកគាំទ្រ។ យ៉ាងណាមិញ នៅរដូវកាលថ្មីនេះ Marcus Rashford ធ្វើបានល្អដោយស៊ុតបញ្ចូលទី៣គ្រាប់និងបញ្ជូនបាល់២គ្រាប់ ក្នុងការបង្ហាញខ្លួន៦ប្រកួតនៅ Premier League ។ Chelsea ដែលទើបតែតែងតាំងលោក Graham Potter កំពុងចង់បានខ្សែប្រយុទ្ធកណ្ដាលម្នាក់ទៀតនិងគិតថាការយក Rashford ដោយគ្មានតម្លៃខ្លួនគឺជាផលចំណេញមួយ ប៉ុន្តែក្នុងនោះ Atletico Madrid ក៏ចង់បានគេដែរ៕