ក្លិប Newcastle ត្រៀមប្រាក់ជាង ៨០លានអឺរ៉ូរទិញយកខ្សែការពារ Eder Militao ពីក្លិប Real Madrid

ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមប្រាក់ជាង ៨០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៧៩.២ លានដុល្លារ)ក្នុងការទិញយកខ្សែការពារ Eder Militao ពីក្លិប Real Madrid ។

Newcastle ពិតជាធ្វើបានល្អនៅរដូវកាលថ្មីនេះដោយកំពុងឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ក្រោមការដឹកនាំរបស់លោក Eddie Howe ខណៈដែលក្លិបនេះបានក្លាយជាក្លិបបាល់ទាត់ដែលមានម្ចាស់មានទ្រព្យសម្បត្តិស្តុកស្ដម្ភបំផុតក្នុងលោក។ យ៉ាងណាមិញ ក្លិបនៅតែចង់តាមទិញតារាបាល់ទាល់ល្បីៗដើម្បីធ្វើឲ្យក្លាយជាក្លិបកំពូលមួយនៅអឺរ៉ុប ដោយពេលនេះ Newcastle កំពុងទាក់ភ្នែកនឹងសមត្ថភាពរបស់ Militao ដែលជាកីឡាករស្នូលមួយរូបរបស់ Real Madrid ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញខ្លួនសរុប១០៦ប្រកួតហើយឲ្យក្លិប និងបានជួយ Real Madrid លើកពាន Champions League និង La Liga កាលពីរដូវកាលមុន។ សារព័ត៌មាន El Nacional បានផ្សាយថា Newcastle គ្រោងនឹងបញ្ចុះបញ្ចូល Militao ឲ្យផ្ទេរមកអង់គ្លេស ខណៈកុងត្រារបស់គេអស់សុពុលភាពនៅឆ្នាំ២០២៥នេះហើយ៕