ខ្សែប្រយុទ្ធ Armando Broja បន្តកិច្ចសន្យាជាមួយ Chelsea រហូតដល់ឆ្នាំ ២០២៨

ខ្សែប្រយុទ្ធ Armando Broja បានបន្តកិច្ចសន្យារយៈពេលវែងជាមួយក្លិបតោខៀវ Chelsea រហូតដល់ឆ្នាំ ២០២៨ ។

កីឡាករអន្តរជាតិអាល់បានីបានចំណាយពេលរដូវកាលមុនក្នុងការខ្ចីជើងជាមួយ Southampton ។ ដោយឡែកនៅរដូវកាលថ្មីនេះ រូបគេបង្ហាញខ្លួនក្នុងក្រុមលោក Thomas Tuchel បាន៣ដងមកហើយ។ ថ្លែងទៅកាន់គេហទំព័រក្លិប Broja បានថ្លែងពីអារម្មណ៍របស់ខ្លួន ទាក់ទងនឹងការបន្តកុងត្រាថ្មីយ៉ាងដូច្នេះថា៖ “វាជាក្លឹបដែលខ្ញុំសុបិនចង់លេងពេញមួយជីវិតរបស់ខ្ញុំ ក្លឹបដែលខ្ញុំគាំទ្រ និងក្លឹបដែលខ្ញុំស្រលាញ់។ ខ្ញុំបាននៅទីនេះតាំងពីខ្ញុំនៅក្មេង ដូច្នេះវាជាអារម្មណ៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ”។ គួររម្លឹកដែរថា Broja បានចំណាយរដូវកាល ២០២០/២១ ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយក្រុមហូឡង់ Vitesse ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន១១ គ្រាប់ក្នុង ៣៤ប្រកួតមុនពេលចូលរួមជាមួយ Southampton ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ ទោះបីជា Southampton រួមជាមួយនឹងក្រុមនៅអង់គ្លេសមួយចំនួនទៀតចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់ជាអចិន្ត្រៃយ៍ក៏ដោយ ប៉ុន្តែ Broja បានជ្រើសរើសប្តេជ្ញាអនាគតរបស់គាត់នៅ Stamford Bridge ៕