ខ្សែប្រយុទ្ធ Callum Wilson របស់ក្លិប Newcastle United ថាគេរីករាយនឹងស្នងអាវលេខ៩នៅ Chelsea

ខ្សែប្រយុទ្ធ Callum Wilson នៃក្លិប Newcastle United បាននិយាយថារូបគេរីករាយនឹងស្នងអាវលេខ៩នៅ Chelsea ឲ្យតែក្លិបព្រមទិញយកគេទៅទឹកដី Stamford Bridge ។

អាវលេខ៩នៅ Chelsea ដែលជាតំណែងខ្សែប្រយុទ្ធកណ្ដាល ហាក់ដូចជាមានបណ្ដាសាអ៊ីចឹងព្រោះកីឡាករដែលពាក់វាដូចជា Andriy Shevchenko, Gonzalo Higuain, Fernando Torres និង Romelu Lukaku សុទ្ធតែលេងអន់ទាំងអស់ក្រោយបានលេខអាវនេះមកគ្រប់គ្រង ខណៈដែលឥលូវនេះវាធ្លាក់ទៅលើខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ។ យ៉ាងណាមិញ Wilson បាននិយាយថាគេរីករាយនឹងបង្ហាញភ័ស្តុតាងថាគ្មានលេខអាវណាដែលត្រូវបណ្ដាសានោះឡើយ៖ “បាទ វាជាគ្រឿងជម្រុញទឹកចិត្តខ្ញុំ។ បើសិនជាខ្ញុំបានផ្លាស់ទៅ Chelsea មែន ខ្ញុំនឹងយកអាវលេខ៩ ដើម្បីបង្ហាញថា វាមិនបានផ្ដល់សំណាងអាក្រក់នោះទេ។ ដូច្នេះ វាជារឿងមួយដែលជម្រុញទឹកចិត្តខ្ញុំ។ ខ្ញុំនឹងមិនឃ្លាតឆ្ងាយពីលេខអាវនេះទេ”៕