ខ្សែប្រយុទ្ធ Hwang Hee-Chan របស់ Wolves ទទួលរងការរើសអើងជាតិសាសន៍ក្នុងការប្រកួតមិត្តភាព

ក្លិប Wolverhampton Wanderers កំពុងដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បន្ទាប់ពីកីឡាករម្នាក់ដែលគេជឿថាជាខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Hee-chan គឺជាគោលដៅនៃការរើសអើងជាតិសាសន៍ពីអ្នកគាំទ្រក្រុម Farense នៅប្រទេសព័រទុយហ្គាល់ អំឡុងពេលប្រកួតមិត្តភាព កាលពីថ្ងៃអាទិត្យ។

Wolves បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ក្លិបកំពុងដាក់ពាក្យបណ្តឹងដោយសារតែការរំលោភបំពាន ប៉ុន្តែមិនបានបញ្ចេញឈ្មោះកីឡាករដែលជាគោលដៅនោះទេ។ Hwang បានជួយឱ្យ Wolves ស្មើក្នុងការប្រកួតនេះ បន្ទាប់ពីស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតដែលបញ្ចប់ដោយលទ្ធផល 1-1 ។

ភ្លាមៗ Hwang បានផ្តល់សញ្ញាដល់អាជ្ញាកណ្តាល និងមន្ត្រី Wolves ថាអ្នកគាំទ្រ Farense បានធ្វើកាយវិការរើសអើងជាតិសាសន៍ ខណៈគាត់កំពុងរៀបចំការទាត់ប៉េណាល់ទី។

Hwang បានប្រឈមមុខនឹងការបំពានការរើសអើងជាតិសាសន៍កាលពីឆ្នាំមុន នៅពេលដែលWolves ប្រកួតជាមួយនឹងក្រុម Manchester United ដោយអ្នកគាំទ្ររបស់ United បានច្រៀងបទប្រមាថដែលសំដៅលើជនជាតិកូរ៉េដែលបរិភោគសាច់ឆ្កែ។

ឧបទ្ទវហេតុនោះ បានធ្វើឱ្យអតីតតារាបាល់ទាត់បិសាចក្រហម Park Ji-sungថ្កោលទោសការបន្តប្រើបទចម្រៀងដែលបន្តការរើសអើងជាតិសាសន៍ និងផ្តោតលើកីឡាករកូរ៉េវ័យក្មេង៕