គ្រាន់តែមួយសន្លឹករវាង Messi និង Ronaldo ទទួលបានទឹកប្រាក់កប់ពពក

កាលពីថ្ងៃ សៅរិ៍ ទី ១៩ ខែវិច្ឆិកា ម្សិលមិញ, ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីប្រចាំប្រទេសបារាំងយីហោម៉ាក Louis Vuitton (LV) បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលមែនទែនជាពិសេសអ្នកគាំទ្របាល់ទាត់ បន្ទាប់ពីពួកគេបានបង្ហោះរូបផ្សព្វផ្សាយពាណិជ្ជកម្មមួយសន្លឹកដែលមានភ្ជាប់រូបភាពរវាងកំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo កំពុងលេងអុកជាមួយគ្នា។
យោងតាមការចុះផ្សាយរបស់កាសែតបរទេស American Post បានឱ្យដឹងថា Ronaldo ខ្សែប្រយុទ្ធរបស់ Manchester United ជាទូទៅតម្លៃផ្សព្វផ្សាយនៅលើ Instagram របស់លោកក្នុងមួយរូបគឺមានតម្លៃខ្ទង់ ២.៣៩៧ លានដុល្លារអាមេរិក, រីឯ Messi ខ្សែប្រយុទ្ធរបស់ Paris Saint-Germain វិញ ក្នុងមួយរូបលោកគិតតម្លៃចំនួន ១.៧៧៧ លានដុល្លារអាមេរិក។ ដោយឡែករូបថតដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្រមួយរូបនេះគឺបានថតដោយអ្នកជំនាញថតរូបជនជាតិ អាមេរិក លោកស្រី Annie Leibovitz វ័យ ៧៣ ឆ្នាំ ដែលលោកស្រីត្រូវបានគេដឹងថា ថ្លៃសេវាក្នុងការថតរូបក្នុងមួយថ្ងៃគឺលោកស្រីទទួលបានដល់ទៅ ១៧ ម៉ឺនដុល្លារអាមេរិកឯណោះ ហើយពេលខ្លះគឺអាចច្រើនជាងនេះទៅទៀតអាស្រ័យទៅតាម Lens ដែលត្រូវប្រើ។ ដូច្នេះជុំវិញការថតរូបផ្សព្វផ្សាយនៅលើ Instagram មួយរូបនេះ គឺក្រុមហ៊ុន LV បានចំណាយទឹកប្រាក់រហូតដល់ជិត ៥ លានដុល្លារអាមេរិកឯណោះ៕