គ្រូបង្វឹក Xavi និយាយថា Raphinha លេងដូច Neymar ចំណែកការស៊ុតដូច Rivaldo

គ្រូបង្វឹកលោក Xavi Hernandez បានបង្ហាញការកោតសរសើរទៅកាន់កីឡាករ Raphinha ដោយលោកបានមានប្រសាសន៍ថាខ្សែប្រយុទ្ធរូបនេះមានចំណុចពិសេសខុសពីកីឡាករប្រេស៊ីលដ៏ទៃដែលលោកធ្លាប់លេងជាមួយជាពិសេសរូបគេមានចង្វាក់លេងនៅស្លាបដូច Neymar ចំណែករបៀបស៊ុតវិញដូច Rivaldo។

ជាការពិតណាស់ នៅរដូវក្តៅនេះ Barcelona បានទិញយក Raphinha ពី Leeds United ក្នុងតម្លៃ ៥៥ លានផោន ឬប្រមាណជា (៦៦ លានដុល្លារអាមេរិក) អមជាមួយកុងត្រារយៈពេល ៥ ឆ្នាំពោលគឺដល់ខែមិថុនា ឆ្នាំ ២០២៧ ខណៈការចាប់ផ្តើមរដូវកាលដំបូងជាមួយក្រុមអ្នកមានបុណ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កំពុងតែបង្ហាញសញ្ញាណវិជ្ជមាន ក្រោមការដឹកនាំរបស់លោក Xavi។ ទាក់ទងនឹងរឿងខាងលើ លោក Xavi បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Raphinha គឺមានភាពខុសប្លែកពីកីឡាករ ប្រេស៊ីល ដ៏ទៃដែលខ្ញុំធ្លាប់លេងជាមួយ។ គាត់គឺលេងដូច Neymar ក្នុងនាមជាខ្សែប្រយុទ្ធស្លាប ប៉ុន្តែគាត់មានរបៀបស៊ុតដូច Rivaldo។ គាត់ជាកីឡាករម្នាក់ ដែលមានភាពសុខប្លែកពីគេ”៕