ត្រឹមបាល់ 1 គ្រាប់​ជួយឱ្យ​ក្រុមទាំងពីរ​របស់ EPL ខិតជិត​ការឈាន​ទៅ​វគ្គចាញ់ធ្លាក់ UEL

ក្រុម Arsenal និង Manchester United មិនត្រូវការគ្រាប់បាល់ច្រើនឡើយ ដើម្បីយកឈ្នះលើគូប្រកួតរបស់ពួកគេ កាលពីយប់មិញ បន្ទាប់ពីក្រុមកាំភ្លើងធំ បានយកឈ្នះក្រុមម្ចាស់ផ្ទះនៅប្រទេសន័រវែស ខណៈក្រុមបិសាចក្រហម បានទទួលជ័យជម្នះលើក្រុមដែលមកពីប្រទេសសាយប្រឹស ដោយលទ្ធផល 1-0 ដូចគ្នា។ Arsenal បានបោះជំហានទៅរកវគ្គចាញ់ធ្លាក់នៃពានរង្វាន់ Europa League ជាមួយនឹងជ័យជម្នះលើក្រុម Bodo/Glimt ។ គ្រាប់បាល់តែមួយគត់របស់ Bukayo Saka នៅពាក់កណ្ដាលវគ្គទីមួយ បានធានា 3 ពិន្ទុសម្រាប់ក្រុមរបស់លោក Mikel Arteta ។ ជ័យជម្នះនេះបានធ្វើឱ្យ Arsenal ដាច់ 5 ពិន្ទុលើក្រុមចំណាត់ថ្នាក់លេខ 3, Bodo/Glimt ប៉ុន្តែ Arsenal នៅសល់មួយប្រកួតក្នុងដៃ ដោយសារការប្រកួតទល់នឹង PSV Eindhoven ត្រូវបានលើកពេល។ ការប្រកួតជាមួយ PSV នឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយ ដែលការឈ្នះរបស់ Arsenal នឹងធានា សម្រាប់ការឡើងទៅកាន់វគ្គចាញ់ធ្លាក់ ។ ដោយឡែក ក្នុងការប្រកួតមួយទៀត ក្រុមម្ចាស់ផ្ទះ Man Utd ត្រូវការពេលវេលារហូតដល់ 93 នាទី ទើបអាចស៊ុតឆ្លងផុតដៃអ្នកចាំទី Francis Uzoho របស់ក្រុម Omonia Nicosia បន្ទាប់ពីអ្នកចាំទីនីហ្សេរីយ៉ារូបនេះ បានជួយសង្គ្រោះបាល់ចំគោលដៅរបស់ក្រុមបិសាចក្រហមចំនួន 11 ដងដ៏មិនគួរឱ្យជឿ។

ទោះជាយ៉ាងណា ការទាត់របស់ Scott McTominay នៅក្នុងម៉ោងបន្ថែមវគ្គទីពីរ បានផ្ដល់ការខកចិត្តសម្រាប់ក្រុមភ្ញៀវដែលបានធ្វើដំណើរមកពីប្រទេសសាយប្រឹស បន្ទាប់ពីពួកគេបានព្យាយាមការពារបានយ៉ាងល្អ ស្របពេលដែលម្ចាស់ផ្ទះ បានគ្រប់គ្រងលើទីលានស្ទើរទាំងស្រុង ជាមួយនឹងការគ្រប់គ្រងបាល់ 78 % និងស៊ុត 34 ជើង ចំគោលដៅ 13 ជើង សម្រេចបានតែ 1 គ្រាប់។

Man Utd ត្រូវការតែ 1 ពិន្ទុទៀត ដើម្បីធានាការឡើងទៅវគ្គបន្ទាប់ ដោយប្រកួតក្រោយត្រូវជួបជាមួយ Sheriff Tiraspol ៕