ទាត់​ចូល Everton យបមិញ Ronaldo សាង​បាន​កំណត់ត្រា​មួយ​សម្រាប់​ខ្លួន​ឯង

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​សាង​កំណត់ត្រា​ខ្លួន​ឯង ដោយ​រក​បាន​គ្រាប់​ទី​៧០០​ក្នុង​ក្លឹប​អាជីព បន្ទាប់​ពី​ជួយ Manchester United ​វាយ​បក​យក​ឈ្នះ Everton ២-១។

ក្នុង​ការប្រកួត​ Ronaldo ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចូល​ក្នុង​វគ្គ​​មួយ​ជំនួស​កន្លែង Anthony Martial ដែល​មាន​របួស។ ពិត​ជា​មាន​ប្រសិទ្ធភាព​ កីឡាករ​វ័យ​៣៧​ឆ្នាំ​រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ​បិសាច​ក្រហម ក្រោយ​ពេល Antony ជា​អ្នក​សម្រេច​បាន​​គ្រាប់​ទី​មួយ​វាយ​បក​យក​ឈ្នះ​វិញ។ មួយ​គ្រាប់​នាំ​មុខ​ដំបូង​របស់ Everton ធ្វើ​បាន​ដោយ​​ខ្សែ​បម្រើ Alex Iwobi។​​​នេះ​គឺ​ជា​គ្រាប់​ដំបូង​សម្រាប់ Ronaldo ក្នុង​លីគ​នា​រដូវ​កាល​នេះ ក្រោយ​បង្ហាញ​ខ្លួន​​ឲ្យ​ Man United បាន​៧​ប្រកួត ហើយ​ក៏​ជា​គ្រាប់​ទី​៧០០​សម្រាប់​ក្លឹប​អាជីព​ផង​ដែរ។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​រក​បាន​១៤៤​គ្រាប់​នៅ Man United ៤៥០​គ្រាប់​នៅ Real Madrid ១០១​គ្រាប់​នៅ Juventus និង​៥​គ្រាប់​នៅ Sporting Lisbon៕