នេះ​ហើយ​ជា​ប្រាក់​ពលកម្ម Casemiro ទទួល​បាន​នៅ Man United

កីឡាករ​ឆ្នើម Casemiro បាន​ក្លាយ​ជា​កីឡាករ​ដែល​​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ម្នាក់​​នៅ​ Manchester United ក្រោយ​ផ្លាស់​ពី Real Madrid។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​ផ្លាស់​មក​កាន់​កីឡដ្ឋាន Old Trafford ក្នុង​តម្លៃ​ខ្លួន​​៧០​លាន​ផោន ត្បិត​មាន​វ័យ​៣០​ឆ្នាំ​ក៏​ហើយ​ក្ដី។ គេ​បាន​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ និង​ទទួល​បាន​ថ្លៃ​ពលកម្ម​ស្មើ​គ្នា​ជាមួយ​អ្នក​ចាំ​ទី David de Gea ​៣៧,៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​ជា​កីឡាករ​របស់ United ផ្លូវការ Casemiro សង្ឃឹម​អាច​ជួយ​ក្រុម​ឈ្នះ Premier League និង Cristiano Ronaldo បន្ត​នៅ​ជាមួយ​ក្លឹប។ Casemiro ធ្លាប់​លេង​ជាមួយ Ronaldo កាល​នៅ​ក្លឹប Real Madrid និង​ឈ្នះ​ពាន Champions League ៤​ដង​ជាមួយ​គ្នា។ “ខ្ញុំ​បាន​ជជែក​ជាមួយ Cristiano។ ខ្ញុំ​សង្ឃឹម​​ថា​គេ​បន្ត​នៅ ព្រោះ​គេ​​ជា​កីឡាករ​ល្អ​ជាង​គេ​​គ្រប់​ពេល​ម្នាក់​។ គេ​ពិត​ជា​អស្ចារ្យ។ ខ្ញុំ​ចង់​នាំ​​យក​​តម្លៃ​របស់​ខ្ញុំ​មក​កាន់ Manchester United អ្វី​គ្រប់​យ៉ាង​ដែល Real Madrid បង្រៀន​​ខ្ញុំ​ដើម្បី​ឈ្នះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ខ្ញុំ​ចង់​ទទួល​បាន​បទពិសោធន៍​នៅ Premier League”៕