មក​ដឹង​ពី​តម្លៃ​កុងត្រា​របស់​ Mbappe ដែល​ធ្វើ​ឲ្យ​សម្រេច​ចិត្ត​បន្ត​នៅ​ PSG ចោល​ Real Madrid

សារព័ត៌មាន​បារាំង​ Le Parisien បាន​ធ្វើ​ការ​ចុះ​ផ្សាយ​លម្អិត​ទាក់ទង​នឹង​តម្លៃ​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះបាន​ធ្វើ​ការ​សម្រេច​ចិត្ត​ព្រម​នៅ​បន្ត​ជា​មួយ​ក្លឹប​ Paris Saint Germain ក្នុង​កុងត្រា​ថ្មី​រយៈពេល​៣ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៥ ចោល​ក្លឹប​ Real Madrid ដែល​ជា​ក្លឹប​ក្ដី​ស្រមៃ​ដែល​គេ​ចង់​ប៉ង​ទៅ​រហូត​មក​។ នេះ​បើ​យោង​តាម​កំពូល​អ្នកកាសែត​ Fabrizio Romano ។

បើ​តាម​ប្រភព​ដដែល​នេះ​ ក្នុង​កុងត្រា​រយៈពេល​៣ឆ្នាំ​ខាង​លើ​នេះ​ Mbappe នឹង​ទទួល​បាន​ទឹក​ប្រាក់​សរុប​ ៦៣៦លាន​អ៊ឺរ៉ូ​ឯណោះ​ ដែល​ជា​តម្លៃ​កុងត្រា​មួយ​ដ៏​មហាសាល​បំផុត​ក្នុង​វិស័យ​បាល់ទាត់​។ តម្លៃ​កុងត្រា​រាប់​រយ​លាន​អ៊ឺរ៉ូ​នេះ​គឺ​រាប់​បញ្ចូល​ទាំង​ប្រាក់​ពលកម្ម​ដែល​ Mbappe នឹង​ទទួល​បាន​ ៧២​លាន​អ៊ឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ ប្រាក់​ដែល​ព្រម​បន្ត​កុងត្រា​ថ្មី​ដែល​មាន​តម្លៃ​ ១៨០លាន​អ៊ឺរ៉ូ​ និង​ប្រាក់​ស្មោះស័គ្រ​ព្រម​បន្ត​លេង​ឲ្យ​ក្លឹប​សរុប​ ២៤០លាន​អ៊ឺរ៉ូ​ (ទទួល​បាន​ ៧០លាន​អ៊ឺរ៉ូ​ក្នុង​ឆ្នាំ​ទី​១ ៨០លាន​អ៊ឺរ៉ូ​ក្នុង​ឆ្នាំ​ទី​២ និង​៩០លាន​អ៊ឺរ៉ូ​ក្នុង​ឆ្នាំ​ទី​៣)។ បើ​តាម​ប្រភព​ដទៃ​ទៀត​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្នុង​កុងត្រា​នេះ​ Mbappe ក៏​ទទួល​បាន​​សិទ្ធិ​ពិសេស​ផង​ដែរ​ ដែល​អាច​រុះរើ​កីឡាករ​ គ្រូ​ ក៏​ដូ​ច​ជា​ថ្នាក់​ដឹកនាំ​ដែល​គេ​មិន​ពេញ​ចិត្ត​ផង​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​បន្ត​កុងត្រា​នៅ​ PSG ចោល​ Real ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​របស់​ Mbappe មាន​ការ​អន់​ចិត្ត​យ៉ាង​ចិត្ត​យ៉ាង​ខ្លាំង​ ព្រោះ​តែ​ទាំង​ Real និង​អ្នកគាំទ្រ​សុទ្ធ​តែ​ប្រាកដ​ថា​គេ​នឹង​មក​ Real ក្នុង​រដូវកាល​នេះ​ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​ផ្លាស់​ប្ដូរ​ភ្លាមៗ​នៅ​ចុង​រដូវកាល​កន្លង​ទៅ​នេះ​។ ការ​បន្ត​នៅ​ PSG របស់​ Mbappe គឺ​សុទ្ធ​តែ​ត្រូវ​បាន​ ប្រធានាធិបតី​បារាំង​ Emmanuel Macron ទូរស័ព្ទ​ទៅ​គេ​ផ្ទាល់​ឲ្យ​សុំ​នៅ​បន្ត​៕