មន្ត្រី VAR ម្នាក់ ត្រូវបាន​ដកតំណែង​សម្រាប់​ការប្រកួតបន្ទាប់

មន្ត្រីវីដេអូជំនួយការអាជ្ញាកណ្ដាល លោក Lee Mason មិនត្រូវបានជ្រើសរើសសម្រាប់កាតព្វកិច្ច VAR ក្នុងការប្រកួតបន្ទាប់នៃក្របខណ្ឌ Premier League ទេ បន្ទាប់ពីក្រុម Newcastle មិនត្រូវបានផ្ដល់គ្រាប់បាល់ដ៏ចម្រូងចម្រាសមួយ ពេលប្រកួតជាមួយនឹងក្រុម Crystal Palace។

គ្រាប់បាល់ដែលអាចនឹងផ្ដល់ជ័យជម្នះសម្រាប់ក្រុមសារិកាព្រៃ ត្រូវបានអាជ្ញាកណ្តាល Michael Salisbury សម្រេចផ្ដល់ឱ្យ ប៉ុន្តែក្រោយមក ត្រូវបានបដិសេធ បន្ទាប់ពីលោក Mason បានណែនាំឱ្យគាត់ពិនិត្យមើលឧប្បត្តិហេតុនៅលើអេក្រង់ VAR នៅលើទីលាន។

គ្រាប់បាល់នោះ ត្រូវបានច្រានចោល ដោយសារកំហុស ដែល Joe Willock លើអ្នកចាំទី Vicente Guaita ។ លទ្ធផលចប់ការប្រកួត គឺ 0-0 ។

ក្រុមប្រឹក្សាភិបាលនៃអាជ្ញាកណ្ដាល (PGMOL) បានទទួលស្គាល់កំហុស ដែលត្រូវបានធ្វើឡើងនៅក្នុងការប្រកួតរបស់ Newcastle និងការប្រកួតរបស់ Chelsea ជាមួយក្រុម West Ham ដែលមានការស៊ុតបញ្ចូលទីរបស់ Maxwel Cornet ត្រូវបានច្រានចោលបន្ទាប់ពីការត្រួតពិនិត្យ VAR ៕