មាន​មតិ​សង្ស័យ​នានា​ថា Bruno ដូច​សោះ​អង្គើយ​ដាក់ Ronaldo ពេល​ជួប​គ្នា​នៅ​ក្រុម​ជម្រើស​ជាតិ

ឃ្លីប​វីដេអូ​ខ្លី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សមាគម​បាល់ទាត់​ព័រទុយហ្គាល់​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ខ្សែ​បម្រើ​ Bruno Ferdnandes បាន​បញ្ចេញ​ឫកពា​បែប​មិន​សប្បាយ​ចិត្ត​នឹង​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo។

Bruno បាន​ដើរ​ចូល​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ហើយ​ភ្លាមៗ​នោះ Ronaldo ក៏​ស្វាគមន៍​ដោយ​ការ​ចាប់​ដៃ ប៉ុន្តែ​ Bruno មិន​បាន​ចាប់​ដៃ​វិញ​ភ្លាម​នោះ​ទេ។ ដោយ​គ្រាន់​តែ​សកម្មភាព​បែប​នេះ​សោះ មតិ​ជា​ច្រើន​នៅ​បណ្ដាញសង្គម​ចាប់​ផ្ដើម​សង្ស័យ​ថា Bruno នៅ​មិន​សប្បាយ​ចិត្ត​នឹង​ Ronaldo ក្រោយ​កីឡាករ​ជើង​ឯក Ballon d’Or ៥សម័យ​រូប​នេះ​និយាយ​វាយប្រហារ​ក្លឹប។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្សែ​បម្រើ​ចាស់​វស្សា​របស់​ក្រុម​ព័រទុយហ្គាល់​កីឡាករ Joao Mario បាន​ប្រាប់​សារព័ត៌មាន​វិញ​ថា កីឡាករ​ទាំង​ពីរ​រូប​នេះ​គ្រាន់​តែ​កំប្លែង​លេង​ដាក់​គ្នា​នោះ​ទេ។ «ខ្ញុំ​នៅ​បន្ទប់​ហ្នឹង​នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​ឃើញ​រូប​ចែកចាយ​ពេញ​ហ្នឹង​ដែរ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់ Mario។ កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «Bruno ជា​អ្នក​មក​យឺត​ជាង​គេ ហើយ​ Ronaldo ក៏​និយាយ​ផ្លែផ្កា​ដាក់​ថា មក​យឺត​អញ្ចឹង​ដោយសារ​ជិះ​ទូក​មក​មែន»។ ខ្សែ​បម្រើ​រូប​នេះ​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ពួក​គេ​ទាំង​ពីរ​នេះ​អត់​មាន​បញ្ហា​ជាមួយ​គ្នា​ទេ ដោយ​គេ​គ្រាន់​តែ​លេង​ចំអន់​គ្នា​ប៉ុណ្ណោះ៕