មេ​ Dortmund បដិសេធ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ក្លឹប​លោក​ចង់​បាន​ Ronaldo

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា​ ក្លឹប​ Borussia Dortmund ចាប់អារម្មណ៍​ចង់​បាន ​ខ្សែប្រយុទ្ធ​ Cristiano Ronaldo ក្រោយ​​ លោក​ Jorge Mendes ភ្នាក់ងារ​របស់​កីឡាករ​នេះ​ទាក់ទង​ចង់​ឲ្យ​ ខ្សែប្រយុទ្ធ​នេះ​ផ្លាស់​ទៅ​កាន់​ក្លឹប​អាល្លឺម៉ង់​នេះ​ យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​ លោក​ Hans-Joachim Watzke នាយកប្រតិបត្តិ​របស់​ Dortmund នេះ​ចេញ​មុខ​បដិសេធ​ភ្លាម​។

លោក​ Watzke បាន​និយាយ​ថា​៖” ខ្ញុំ​ស្រលាញ់​ពេញ​ចិត្ត​ Ronaldo ណាស់​ វា​ពិត​ប្រាកដ​ណាស់​ដែល​ជា​គំនិត​ដ៏​ទាក់ទាញ​អស្ចារ្យ​មួយ​បើ​បាន​ឃើញ​ Ronaldo លេង​នៅ​លើ​ទីលាន​ Signal Iduna Park របស់​យើង​។ ក៏​ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​ អត់​ការ​ទាក់ទង​ជជែក​លើ​រឿង​ហ្នឹង​ទេ​។ អញ្ចឹង​ចាប់​ពី​ចំណុច​នេះ​ត​ទៅ​ យើង​មិន​គួរ​និយាយ​រឿង​ហ្នឹង​ទៀត​ទេ​ “។ មក​ទល់​នឹង​ពេល​នេះ​ប្រភព​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ Ronaldo នៅ​តែ​មាន​បំណង​ចាកចេញ​ពី​ក្លឹប​ Man Utd នៅ​ក្នុង​រដូវកាល​ក្ដៅ​​នេះ​ ដោយ​កំពុង​ឲ្យ​ភ្នាក់ងារ​បន្ត​សិក្សា​ពី​ជម្រើស​ក្លឹប​ថ្មី​ដែល​គេ​អាច​ទៅ​បាន​។ បើ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ឲ្យ​ដឹង​ថា​ ថ្នាក់​ដឹកនាំ​​នៅ​ក្នុង​ក្លឹប​ Man Utd មួយ​ចំនួន​ចង់​លក់​ Ronaldo ចេញ​ តែ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​គឺ​មិន​ចង់​លក់​ចេញ​ទេ​៕