លោក Erik ten Hag នូវតែអះអាងថាក្រុមរបស់លោកត្រូវការ Cristiano Ronaldo ដដែល

អ្នកចាត់ការលោក Erik ten Hag ជឿជាក់ថា Manchester United នៅតែមិនអាចខ្វះខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ កីឡាករ Cristiano Ronaldo បាន បន្ទាប់ពីក្រុមរបស់លោកបញ្ចប់ការប្រកួតបានត្រឹមស្មើជាមួយ Chelsea នាថ្ងៃ សៅរិ៍យប់មិញនេះ។

នាការប្រកួតសប្តាហ៍ទី ១១ នៃក្របខណ្ឌ Premier League យប់មិញនេះ Man UTD បានស្មើគ្នា ១ ទល់នឹង ១ ជាមួយនឹងម្ចាស់ផ្ទះ Chelsea នៅទឹកដី Stamford Bridge, ក្នុងនោះ Jorginho ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យក្រុមតោខៀវ និង Casemiro ជាអ្នករកគ្រាប់បាល់តាមស្មើឱ្យបិសាចក្រហមនៅចុងវគ្គទី ២ នាទីទី ៩០+៤។ យ៉ាងណាមិញនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទំនាក់ទំនងរវាងលោក Ten Hag ជាមួយនឹង Ronaldo ហាក់មិនសូវល្អនោះទេបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិ ហូល្លង់ មិនសូវផ្តល់ឱកាសឱ្យ CR7 បង្ហាញខ្លួននៅលើទីលាន, ខណៈថ្មីៗនេះនៅក្នុងជំនួបទល់នឹង Spurs ខ្សែប្រយុទ្ធវ័យ ៣៧ បានដើរចេញពីទីលានមុនការប្រកួតបញ្ចប់ទៀតផងដែលនេះជាសញ្ញាណមួយបង្ហាញថា គាត់មិនសប្បាយចិត្តនឹងស្ថានភាពក្រុមបច្ចុប្បន្ននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយបញ្ចប់ការប្រកួតទល់នឹង Chelsea យប់មិញ លោក Ten Hag បានមានប្រសាសន៍ពី Ronaldo យ៉ាងដូច្នេះថា៖ “បាទ, គាត់តែងតែអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន។ គាត់គឺមានតម្លៃបំផុតសម្រាប់ពួកយើង ហើយពួកយើងគឺត្រូវការគាត់ នោះគឺច្បាស់ណាស់។ ខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចឃើញហើយនៅក្នុងការប្រកួតយប់មិញ បើមានគាត់នោះគាត់នឹងអាចរកគ្រាប់បាល់បាន”៕