លោក Ten Hag ប្រសិនទិញ Antony ពី Ajax បាននឹងឲ្យ Anthony Elanga ចាកចេញទៅលេងខ្ចីជើង

សារព័ត៌មាន Daily Mail បានចុះផ្សាយថាបើ ក្លិប Manchester United ទិញបានខ្សែប្រយុទ្ធ Antony ពី Ajax នោះក្លិបនឹងឲ្យ Anthony Elanga ចាកចេញទៅលេងខ្ចីជើងនៅក្លិបផ្សេង។

ថ្មីៗនេះ ភាគីលោក Erik Ten Hag កំពុងដុតដៃដុតជើងចរចាទិញយក Antony ពី Ajax ដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះក៏រំអុកចង់ផ្លាស់មកទឹកដី Old Trafford ដែរ។ មានពាក្យចចាមអារ៉ាមថា Antony ក៏បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Manchester United រួចរាល់ហើយដែរ។ ដូច្នេះ លោក Ten Hag បានគិតទុករួចជាស្រេចថាចង់ឲ្យ Elanga ចាកចេញពីក្លិបដើម្បីស្វែងរកនាទីលេងទៀងទាត់នៅក្លិបផ្សេងក្រោមលក្ខខណ្ឌខ្ចីជើង។ កីឡាករវ័យ២០ឆ្នាំរូបនេះ បានឡើងមកលេងឈុតធំក្រោមការដឹកនាំរបស់លោក Ralf Rangnick កាលពីរដូវកាលមុនខណៈដែល Everton ក៏ចង់បាន Anthony Elanga ដែរប៉ុន្តែ កីឡាកររូបនេះមិនចង់ចែកផ្លូវជាមួយបិសាចក្រហមទេ៕