អង់គ្លេសយកឈ្នះអាល្លឺម៉ង់ គ្រងតំណែងជើងឯកនារីអឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ទីបំផុត ការរង់ចាំឈ្នះពានរង្វាន់លើកដំបូងរបស់ក្រុមជម្រើសជាតិនារីអង់គ្លេសបានឈានចូលមកដល់ទីបញ្ចប់ បន្ទាប់ពីកីឡាការិនី Chloe Kelly ស៊ុតគ្រាប់ជ័យជម្នះនៅក្នុងវគ្គបន្ថែមម៉ោង១៥នាទី២ដង ដែលធ្វើអោយការប្រកួតបញ្ចប់ទៅដោយក្រុមនារីអង់គ្លេសយកឈ្នះក្រុមនារីអាល្លឺម៉ង់ 2-1 ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Women’s Championship 2022។

Kelly ដែលទើបតែផ្លាស់ប្តូរចូលក្នុងវគ្គទីពីរបានធ្វើអោយកីឡដ្ឋាន Wembley មានសម្លេងកងរំពងជាខ្លាំងបន្ទាប់ពីទទួលបានបាល់ចេញពីជ្រុងដោយមិត្តរួមក្រុម Lauren Hemp។ ក្រោយពីរកគ្រាប់បាល់បញ្ចូលទីបានសម្រេចនាងបានរត់ទៅអបអរជាមួយអ្នកគាំទ្ររបស់ខ្លួនដោយការដោះអាវរបស់នាង។ ក្រុមដែលមានរហ័សនាម The Lionesses ឈ្នះពានរង្វាន់ជើងឯកអឺរ៉ុបនារីនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចាប់តាំងពីពានរង្វាន់មួយនេះបង្កើតឡើងក្នុងឆ្នាំ១៩៨២។

ក្រុមនារីអង់គ្លេសចាប់ផ្តើមជម្រើស១១នាក់ដំបូងរបស់ខ្លួនជាមួយនឹងជម្រើសដដែលរហូត
តាំងតែពីចាប់ផ្តើមព្រឹត្តិការណ៍មួយនេះខណៈដែលអាល្លឺម៉ង់អវត្តមានកីឡាការិនី Top scorer Alexandra Popp បន្ទាប់ពីមានបញ្ហារបួសកំឡុងពេលកម្ដៅសាច់ដុំ។

ក្នុង៤៥នាទីដំបូងក្រុមទាំងពីរបានបើកការវាយសម្រុកគ្នាទៅមកប៉ុន្តែមិនមានក្រុមណាអាចទម្លាយសំណាញ់ទីក្រុមណាបានឡើយ។

ឈានចូលដល់វគ្គទីពីរ អាឡឺម៉ង់បានផ្លាស់ប្តូរកីឡាការិនី Jule Brand ចេញជំនួសវិញដោយ Tabea Wassmuth ដើម្បីធ្វេីឱ្យប្រព័ន្ធលេងរបស់ខ្លួនអោយមានប្រសិទ្ធិភាពក្នុងវគ្គទី២។នៅនាទី 56 ក្រុមនារីអង់គ្លេសក៏បានផ្លាស់ប្តូរកីឡាការិនីបម្រុងរបស់ខ្លួនពីរនាក់អោយចូលផងដែរ។

បន្ទាប់ពីមានការផ្លាស់ប្តូរមិនបានប៉ុន្មាននាទីផងនោះក្រុមនារីអង់គ្លេសក៏បានបើកគ្រាប់បាល់នាំមុខមុនដោយកីឡាការិនី Ella Toone ដោយមិត្តរួមក្រុមខ្លួន Keira Walsh បោះបាល់អោយយ៉ាងល្អរួចស៊ុតផុតអ្នកចាំទី Merle Frohms បានសម្រេច។

ទោះជាយ៉ាងណាក្រុមនារីអាល្លឺម៉ង់មិនបានបោះបង់ការខិតខំប្រឹងប្រែងរបស់ខ្លួនឡើយពោលនៅសល់ប្រមាណជា១១នាទីចុងក្រោយហៀបនឹងចប់ការប្រកួត កីឡាការិនីដែលប្តូរចូលក្នុងវគ្គទី២ Tabea Wassmuth បានបញ្ចូនបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់អោយមិត្តរួមក្រុមរបស់នាង Lina Magull ស៊ុតបញ្ចូលទីបានសម្រេចធ្វើអោយអ្នកគាំទ្រម្ចាស់ផ្ទះអង់គ្លេសបាត់មាត់បាត់កគ្រប់ៗគ្នា។

បន្ទាប់ពី៩០នាទីលទ្ធផលបញ្ចប់ទៅដោយស្មើគ្នា 1ទល់នឹង1 ម៉ោងបន្ថែម១៥នាទីពីរដងក៏ឈានចូលមកដល់។ ក្រុមម្ចាស់ផ្ទះអង់គ្លេសរកគ្រាប់បាល់នាំមុខរបស់ខ្លួនសារជាថ្មីម្តងទៀតនៅនាទី១១០។ គ្រាប់បាល់មួយនេះជាគ្រាប់បាល់ជ័យជម្នះរុញច្រានក្រុមបាល់ទាត់នារីអង់គ្លេសអោយក្លាយជាម្ចាស់ពានរង្វាន់ជើងឯកនារីអឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។