អនាគត​របស់​ Ronaldo នៅ​ Man Utd នៅ​តែ​មិន​ទៀង​ ខណៈ​កំពុង​បន្តដើរ​រក​ក្លឹប​ថ្មី​

ខ្សែប្រយុទ្ធ​ Cristiano Ronaldo នៅ​តែ​មាន​បំណង​ចាកចេញ​ពី​ក្លឹប​ Manchester United នៅ​ក្នុង​រដូវកាល​ក្ដៅ​​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​នេះ​នៅ​តែ​បន្ត​ឲ្យ​ភ្នាក់ងារ​របស់​ខ្លួន​គឺ​ លោក​ Jorge Mendes បន្ត​សិក្សា​ពី​ជម្រើស​ក្លឹប​ដែល​គេ​អាច​ផ្លាស់​ទៅ​បាន​នៅ​ក្នុង​រដូវកាល​ទិញ​ ដូរ​ និង​លក់​កីឡាករ​ក្នុង​រដូវកាល​ក្ដៅ​នេះ​ ដោយ​កន្លង​មក​កីឡាករ​នេះ​ត្រូវ​ក្លឹប​ធំៗ​ជា​ច្រើន​បដិសេធ​ព្រោះ​តែ​ថ្លៃ​ពលកម្ម​របស់​គេ​គឺ​ខ្ពស់​ពេក​។​កន្លង​មក​នៅ​មុន​ប្រកួត​មិត្តភាព​សម្រាប់​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​ចាប់​ផ្ដើម​ Ronaldo ក៏​ធ្លាប់​បង្ហាញ​ពី​បំណង​ចាកចេញ​ផង​ដែរ​ តែ​ក្រោយ​ក៏​ត្រលប់​មកហ្វឹកហាត់​វិញ​ដើម្បី​ត្រៀម​សម្រាប់​ប្រកួត​មិត្តភាព​ ក៏​ដូច​ជា​ប្រកួត​កន្លង​មក​ក្នុង​រដូវកាល​នេះ​។ បើ​តាម​ប្រភព​ជា​ច្រើន​​ ​ទោះ​ជា​ត្រលប់​មក​កាន់​ក្រុម​ Man Utd យ៉ាង​ណា​ក្ដី​ប៉ុន្តែ​ Ronaldo នៅ​តែ​បំណង​ចាកចេញ​ពី​ក្រុម​នេះ​ ហើយ​គោលដៅ​របស់​គេ​គឺ​ចង់​ទៅ​លេង​ក្លឹប​ដែល​មាន​កៅ​អី​លេង​ Champions League។ បើ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ឲ្យ​ដឹង​ថា​ ថ្នាក់​ដឹកនាំ​​នៅ​ក្នុង​ក្លឹប​ Man Utd មួយ​ចំនួន​ចង់​លក់​ Ronaldo ចេញ​ តែ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​គឺ​មិន​ចង់​លក់​ចេញ​ទេ​៕