អ៊ុយក្រែន​គ្រោង​នឹង​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup 2030

អ៊ុយក្រែន​គ្រោង​នឹង​ចូល​រួម​ជាមួយ​អេស្ប៉ាញ និង​ព័រទុយហ្គាល់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup នៅ​ឆ្នាំ​២០៣០ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ប្រធាន​សមាគម​បាល់ទាត់​នៃ​ប្រទេស​ទាំង ៣ កាល​ពី​ថ្ងៃ​ពុធ។

ប្រធានាធិបតី​សម័យ​សង្គ្រាម​របស់​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​គាំទ្រ​នឹង​ការ​សម្រេច​ចិត្ត​នេះ បាន​ហៅ​យល់​ថា​រឿង​នេះ​ជា «និមិត្តរូប​នៃ​ការ​ជឿជាក់​លើ​ជ័យជម្នះ​រួម​របស់​ [អឺរ៉ុប]»។ ប្រទេស​អ៊ុយក្រែន​កំឡុង​ពេល​នេះ​កំពុង​តែ​ស្ថិត​ក្រោម​ការ​យាយី​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​មហាអំណាច​រុស្ស៊ី។ កន្លង​មក​ អ៊ុយក្រែន​ក៏​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ UEFA Euro ឆ្នាំ២០១២ ជាមួយ​ប្រទេស​ប៉ូឡូញ។ អេស្ប៉ាញ-ព័រទុយហ្គាល់-អ៊ុយក្រែន នឹង​ប្រឈម​មុខ​នឹង​បេក្ខភាព​ដទៃ​ៗ​ទៀត​រួម​មាន ប្រទេស​ម៉ារ៉ុក​មក​ពី​អាហ្វ្រិក បេក្ខភាព​ ៤ប្រទេស អ៊ុយរុយហ្គាយ-អាហ្សង់ទីន-ប៉ារ៉ាហ្គាយ-ឈីលី មក​ពី​អាមេរិក​ឡាទីន និង​បេក្ខភាព​អន្តរទ្វីប អេហ្ស៊ីប-ក្រិក-អារ៉ាប៊ីសាអ៊ូឌីត។ ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA នឹង​សម្រេច​លើ​ភាព​ជា​ម្ចាស់​ផ្ទះ​ World Cup 2030 នៅ​ឆ្នាំ២០២៤ ដោយ​មាន​ការ​បោះឆ្នោត​ដោយ​ប្រទេស​-ដែនដី​សមាជិក​ចំនួន ២០០៕