អ្នកចាត់ការ Man City ថា “ខ្ញុំមិនអាចប្រាប់ Barca ឱ្យបំភ្លេច Bernado បានឡើយ”

លោក Pep Guardiola និយាយថា គាត់ចង់ឱ្យកីឡាករ Bernardo Silva បន្តស្នាក់នៅ Manchester City ប៉ុន្តែបានបញ្ជាក់ថា រូបគេចូលចិត្ត Barcelona ខ្លាំងណាស់។

Silva បានលេង 65 នាទីនៃការប្រកួតមិត្តភាពរវាងក្រុម Man City និង Barcelona នៅកីឡដ្ឋាន Camp Nou កាលពីយប់ថ្ងៃពុធ ហើយក្រោយមកលោក Guardiola បាននិយាយអំពីអនាគតរបស់ខ្សែបម្រើរូបនេះ។

លោក Guardiola បានគូសបញ្ជាក់ថាមិនមានការសំណើណាមួយពី Barcelona សម្រាប់ Silva នោះទេ ទោះបីជាមានរបាយការណ៍បង្ហាញពីចំណាប់អារម្មណ៍របស់ក្លិបអេស្ប៉ាញលើគាត់ក៏ដោយ។

លោក Guardiola បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការប្រកួតមិត្តភាពបានបញ្ចប់ក្នុងលទ្ធផល 3-3 ថា៖ “ខ្ញុំមិនអាចប្រាប់ Barca ឱ្យបំភ្លេចអំពី (ការចង់បាន) Bernardo បាន” ។

“យើងចង់ឱ្យគាត់នៅជាមួយយើង ប៉ុន្តែខ្ញុំមិនចង់ឱ្យនរណាម្នាក់មិនសប្បាយចិត្តនោះទេ។ រឿងដំបូងគឺក្លិបទាំងពីរឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា ប៉ុន្តែមិនមានសំណើណាមួយសម្រាប់គាត់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះទេ។”

“ខ្ញុំមិនចង់ឱ្យគាត់ទៅទេ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ និងជាមនុស្សល្អ… ហើយនៅសល់តែ 7 ឬ 8 ថ្ងៃទៀតប៉ុណ្ណោះ (រហូតដល់ការបិទទីផ្សារដោះដូរកីឡាករ) ហើយយើងនឹងត្រូវងាកទៅរកទីផ្សារដោះដូរវិញ។ ខ្ញុំចង់ឱ្យគាត់នៅទីនេះបន្តទៀត។ ដូចបាននិយាយអ៊ីចឹង វាជាការពិត Bernardo ចូលចិត្ត Barcelona ខ្លាំងណាស់៕”