AC Milan បានត្រឡប់មកចរចាជាមួយ Chelsea ជាថ្មីម្ដងទៀតក្នុងកាផ្ទេរយក Ziyech

ក្លិប AC Milan បានត្រឡប់មកឡើងតុចរចាជាមួយនឹងក្លិបតោខៀវ Chelsea សាជាថ្មីម្ដងទៀត ដោយក្លិបជើងឯក Serie A រដូវកាលមុនមួយនេះ ព្យាយាមចែចូវយកខ្សែប្រយុទ្ធ Hakim Ziyech ចេញពីទឹកដី Stamford Bridge នារដូវក្ដៅនេះ។

ខ្សែប្រយុទ្ធជម្រើសជាតិម៉ារ៉ុករូបនេះ បានផ្ទេរមកចូលរួមជាមួយ Chelsea ពីក្លិប Ajax កាលពីឆ្នាំ២០២០ ក្នុងរជ្ជកាលលោក Frank Lampard ដឹកនាំ។ ប៉ុន្តែក្រោយចំណាយពេលលេងនៅទឹកដីអង់គ្លេស បាន២ឆ្នាំ​ ក៏ស្រាប់តែមានរបាយការណ៍ពីកាសែត Football Italia បានឲ្យដឹងថា Ziyech បានដាក់សំណើសុំចាកចេញពីក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។ Ziyech បានស្ថិតក្នុងបញ្ជីគោលដៅរបស់ AC Milan ជាយូរណាស់មកហើយ ប៉ុន្តែផ្ទុយពីលើកមុន ពេលនេះ AC Milan ហាក់មានទំនុកច្រើនជាងមុនហើយ ក្នុងការផ្ទេរយក កីឡាករវ័យ២៩ឆ្នាំរូបនេះ។ Ziyech មានសុពលភាពកុងត្រាជាមួយ Chelsea ដល់ឆ្នាំ២០២៥ ប៉ុន្តែអតីតតារាឆ្នើមរបស់ Ajax រូបនេះ មានបំណងចង់ចាកចេញ មុនពេលកំណត់ ដោយភ្នាក់ងាររបស់គេ បានទាក់ទងចរចាជាមួយក្លិប AC Milan រួចរាល់ហើយ ជុំវិញលទ្ធភាពក្នុងការផ្លាស់ទៅ Serie A។ ទោះជាយ៉ាងណាក៏ដោយ​ Chelsea មិនចង់ខាតបង់ប្រាក់ដែលចំណាយ ដល់ទៅ៣៣លានផោន កាលទិញ Ziyech ពី Ajax នោះទេ ដោយពួកគេ ចង់ផ្ដល់ឲ្យ AC Milan ត្រឹមកិច្ចសន្យាខ្ចីជើងសិន អមជាមួយលក្ខខណ្ឌទិញផ្ដាច់ ជាជាងការលក់ផ្ដាច់នៅរដូវក្ដៅនេះតែម្ដង។ សម្រាប់កិច្ចចរចារវាងក្លិបទាំងពីរ កំពុងតែដំណើរការ ប៉ុន្តែប្រាក់ពលកម្ម ក្នុង១ឆ្នាំ៥លានផោន របស់ Ziyech ត្រូវបានលើកឡើងថា ជាបញ្ហាកង្វល់ខ្លះដែរ ក្នុងការផ្ទេរនេះ៕