Arsenal បន្ត​កំណត់ត្រា​មិន​ទាន់​​ចាញ់​សោះ​ក្នុង​លីគ​ឈរ​កំពូល​តារាង Premier League

Arsenal បាន​រក្សា​ភាព​មិន​ទាន់​ចាញ់​របស់​ខ្លួន​ក្នុង​ការ​ចាប់​ផ្ដើម​រដូវ​កាល ឈរ​កំពូល​តារាង​ Premier League ក្រោយ​យក​ឈ្នះ Aston Villa ២-១ កាល​ពី​យប់​មិញ។

​​ខ្សែ​ប្រយុទ្ធ Gabriel Jesus ជា​អ្នក​រក​គ្រាប់​​បាល់​ដំបូង​នាំ​មុខ​​ឲ្យ Arsenal ​នៅ​វគ្គ​ទី​មួយ​ ហើយ​ក៏​ជា​គ្រាប់​ទី​បី​សម្រាប់​គេ​នៅ​រដូវ​កាល​នេះ​ផង​ដែរ។ ឈាន​ដល់​វគ្គ​ទី​ពីរ Aston ក៏​រក​បាន​មួយ​គ្រាប់​សង​វិញ ធ្វើ​បាន​ដោយ​កីឡាករ Douglas Luiz។ សល់​១៣​នាទី​បញ្ចប់​ការ​ប្រកួត ខ្សែ​បម្រើ​ប្រយុទ្ធ​ Gabriel Martinelli រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​កាំភ្លើង​ធំ។ នេះ​គឺ​ជា​បរាជ័យ​​៤​ប្រកួត​ក្នុង​ចំណោម​៥​ប្រកួត​​នា​រដូវ​កាល​នេះ​សម្រាប់​​អ្នក​ចាត់​ការ​របស់ Aston លោក Steven Gerrard។ តាម​រយៈ​ជ័យជម្នះ​ខាង​លើ​មាន​​ន័យ​ថា Arsenal បាន​ឈ្នះ​ការ​ប្រកួត​បើក​ឆាក​លីគ​៥​ប្រកួត​​ជាប់​គ្នា​ជា​លើក​ដំបូង​ចាប់​តាំង​ពី​រដូវ​កាល​២០០៤-០៥ ហើយ​ពេល​នោះ​ពួក​គេ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​២៕