Arteta អាច​នឹង​ឈ្នះ​ពាន​ អ្នកចាត់ការ​ឆ្នើម​ Premier League ជា​លើក​ទី​២ ក្នុង​រដូវកាល​នេះ

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal អាច​នឹង​ឈ្នះ​ពាន​ អ្នកចាត់ការ​ឆ្នើម​ Premier League ជា​លើក​ទី​២ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២២ ក្រោយ​លោក​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ដែល​អាច​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​តុលា​ នៅ​ក្នុង​ថ្ងៃ​នេះ​។

កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ​ លោក​ Arteta ដឹកនាំ​សរុប​៥ប្រកួត​ ឈ្នះ​៤ប្រកួត​ និង​ស្មើ​១ប្រកួត​ ដែល​ធ្វើ​ឲ្យ​ Arsenal បន្ត​នាំ​មុខ​គេ​នៅ​ក្នុង​តារាង​ប្រកួត​ PL ។ អ្នកចាត់ការ​ Arsenal រូប​នេះ​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ PL ជា​លើក​ទី​១ គឺ​ឈ្នះ​ប្រចាំ​ខែ​សីហា​ ដោយ​កាល​ពី​លោក​បាន​ដឹកនាំ​ Arsenal ឈ្នះ​ទាំង​៥ប្រកួត​តែ​ម្ដង​ក្នុង​ខែ​នោះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​បេក្ខជន​ដែល​អាច​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ PL ប្រចាំ​ខែ​តុលា​នេះ​គឺ​មាន​ លោក​ Arteta លោក​ Pep Guardiola អ្នកចាត់ការ​ Manchester City និង​ លោក​ Eddie Howe អ្នកចាត់ការ​ក្លឹប​ Newcastle United ដោយ​លទ្ធផល​នឹង​ចេញ​នៅ​សប្ដាហ៍​ក្រោយ​ព្រោះ​រង់​ចាំ​ការ​បោះ​ឆ្នោត​ពី​អ្នកជំនាញ​ និង​អ្នកគាំទ្រ​៕