Dean Henderson ចាត់ទុកទង្វើរបស់ Man Utd មកលើខ្លួន ថាជាអំពើ “ឧក្រិដ្ឋ”

អ្នកចាំទី Dean Henderson បានពណ៌នាទង្វើរបស់ក្លិប Manchester United មកលើខ្លួនកាលពីរដូវកាលមុនថាជា អំពើ “ឧក្រិដ្ឋ”។

កីឡាករអន្តរជាតិអង់គ្លេសវ័យ 25 ឆ្នាំ បានចូលរួមជាមួយក្លិប Nottingham Forest ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកតំណែងអ្នកចាំទីដៃទីមួយពី David de Gea នៅកីឡដ្ឋាន Old Trafford ។

Henderson បាននិយាយថា ក្រុមបិសាចក្រហម បានសន្យាថាគាត់នឹងក្លាយជាអ្នកចាំទីដៃទីមួយ កាលពីរដូវកាលមុន ប៉ុន្តែគេត្រូវបានអវត្តមានក្នុងព្រឹត្តិការណ៍ Euro 2020 ដោយសាររបួស និងបានឆ្លង Covid-19 នៅដើមរដូវកាលមុន។ អ្នកចាំទីរូបនេះបាននិយាយថា គាត់ហត់នឹងការអង្គុយបម្រុង។

Henderson បន្តថាខ្លួនមិនបាននិយាយជាមួយអ្នកចាត់ការទូទៅលោក Erik ten Hag ចាប់តាំងពីការមកដល់របស់គាត់នៅក្នុងខែឧសភា។ “វាជាការខកចិត្ត ព្រោះខ្ញុំបានបដិសេធក្លិបជាច្រើនដែលទាក់ទងខ្ញុំទៅលេងក្នុងលក្ខខណ្ឌខ្ចីជើង កាលពីរដូវក្តៅមុនដោយសារហេតុផលនោះ ហើយក្លិបមិនអនុញ្ញាតឱ្យខ្ញុំទៅទេ”។

Henderson បានក្លាយជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្នុងពាក់កណ្តាលទីពីរនៃរដូវកាល 2020-21 ប៉ុន្តែមិនត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Villarreal ទេ។

Henderson បន្តថា៖ “ទៅអង្គុយនៅទីនោះរយៈពេល 12 ខែ វាពិតជាបទឧក្រិដ្ឋមួយសម្រាប់ខ្ញុំ។ ខ្ញុំមិនពេញចិត្តឡើយ។ ខ្ញុំបានប្រាប់ក្លិបថា ខ្ញុំត្រូវតែលេង ហើយស្នើសុំការអនុញ្ញាតឱ្យខ្ញុំចាកចេញទៅ ហើយខ្ញុំស្ទើរតែបានសម្រេចបំណងទៅហើយ មុនអ្នកគ្រប់គ្រង [Erik ten Hag ] មកដល់ ខ្ញុំមិនបាននិយាយជាមួយគាត់តាំងពីពេលនោះមក។

“ខ្ញុំបានខិតខំយ៉ាងលំបាកទាំងនៅលើ និងក្រៅទីលាន ដើម្បីបន្តធ្វើឱ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយឥឡូវនេះ ខ្ញុំកំពុងទន្ទឹងរង់ចាំរដូវកាលថ្មីជាមួយនឹង Nottingham Forest”៕