Ferdinand ថាទោះល្អមែនក៏ Casemiro ផ្ដល់ផលអវិជ្ជមានពីរយ៉ាងដល់ Man UTD

លោក Rio Ferdinand បាននិយាយថាបញ្ហាធំមួយដែល Casemiro ផ្ដល់ឲ្យ Manchester United គឺគេមានអាយុរាងជ្រេហើយដែលពិបាកក្នុងការលក់បន្តទៅឲ្យក្លិបផ្សេង ហើយតម្លៃខ្លួនគេក៏ខ្ពស់ណាស់ដែរ។

ពិតណាស់ បិសាចក្រហម បានប្រកាសជាផ្លូវការហើយថាក្លិបបានទិញយក Casemiro ពី Real Madrid ក្នុងតម្លៃជាង៨០លានផោន (ស្មើនឹងប្រមាណ ៩៤.៤ លានដុល្លារ) បន្ទាប់ពីឈ្នះពានធំៗដូចជា Champions League ៥ដង និង La Liga ៣ដងជាមួយ Real Madrid រួចមក។ ដោយឡែក ស្របពេលអ្នកគាំទ្រសាទរនឹងការមកដល់របស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ លោក Ferdinand បែរជានិយាយថា៖ “តើតម្លៃផ្ទេរគេថ្លៃពេកទេ?គឺពិតណាស់។ តើមានផលអវិជ្ជមានដែរទេ? ពិតមែនគឺមាន គឺទាក់ទងនឹងអាយុ។គេមានអាយុ៣០ឆ្នាំហើយ។ ខ្ញុំមិនអាចនិយាយថាមានផលអវិជ្ជមានធំធេងណាទេ ប៉ុន្តែខ្ញុំគិតថាបើសិនជាអ្នកនិយាយពីរឿងជំនួញគឺ គេពិបាកក្នុងការលក់ចេញណាស់។ សរុបមកតម្លៃផ្ទេរគេគឺ៦០លានផោន បូកនឹងប្រាក់បន្ថែមផ្សេងៗ១០លានផោនទៀត ហើយអ្នកត្រូវចាយលើប្រាក់ឈ្នួលគេទៀត”៕