Fulham ដាក់សំណើទិញខ្សែបម្រើប្រេស៊ីលម្នាក់របស់ Man Utd

ក្លិប Fulham បាន​ដាក់​សំណើតម្លៃ​៨,៦​លាន​ផោន (១០,៥លានដុល្លារ) ទៅក្លិប Manchester United ដើម្បី​សូម​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ​ប្រេស៊ីល Andreas Pereira។

កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះបាន​ចូល​រួមថ្នាល Manchester United ដោយ​ផ្ទេរ​មក​ពី PSV Eindhoven ក្នុង​ឆ្នាំ​២០១១ រួច​ឡើង​ចូល​ក្រុម​ធំ​ក្នុង​ឆ្នាំ​២០១៤​។

ខ្សែ​បម្រើ​កើតនៅ​បែលហ្ស៊ិក​ខាង​លើ បាន​ចំណាយ​ពេល​លេង​​ក្រោម​កិច្ចសន្យា​ខ្ចី​នៅ Granada រដូវកាល​២០១៦-១៧, នៅ Valencia រដូវកាល​២០១៧-១៨, នៅ Lazio រដូវ​កាល​២០២០-២១ និង​ចុង​ក្រោយ​​ត្រូវ​បាន​ក្លិប​ប្រេស៊ីល Flamengo ខ្ចី​ក្នុង​រដូវកាល​២០២១-២២​ ហើយ​បាន​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa Libertadores 2021។

Pereira នៅ​សល់​កិច្ចសន្យា​ជាមួយ Man Utd ដល់​ឆ្នាំ​២០២៣ អម​ដោយ​ជម្រើស​បន្លាយ​ថែម​១​ឆ្នាំ​ទៀត​។ ប៉ុន្តែខ្សែ​បម្រើ​ដែល​បានលេង​ឱ្យ Man Utd ៧៥​លើក និង​រក​បាន៤​គ្រាប់​រូបនេះ​ទំនង​មិន​ស្ថិត​ក្នុង​ផែនការ​របស់​អ្នកចាត់ការ​ថ្មី Erik Ten Hag ទេ​។

​គួរ​ជម្រាប​ផង​ដែរ​ថា Pereira បានកើតនៅ​​ក្នុង​ប្រទេស​បែលហ្ស៊ិក ហើយ​បាន​​ជាប់​ជម្រើស​ជាតិ​យុវជនបែលហ្ស៊ិក​ U15 ដល់​ U17 មុន​ពេល​ប្ដូរ​ទៅ​លេង​ឱ្យ U20​ប្រេស៊ីលក្នុង​ឆ្នាំ​២០១៤​។ គេ​បាន​ឡើង​កូដ​ជាប់​ជម្រើស​ជាតិ​​ក្រុមធំ​ប្រេស៊ីល​​ក្នុង​ឆ្នាំ​២០១៨ និង​បាន​ចូលលេង​១​ប្រកួត​៕


ប្រភព៖ AMS_Sports