Greenwood ត្រូវ​បាន​ដោះ​លែង​បណ្ដោះ​អាសន្ន​ហើយ​រង់​ចាំ​ពេល​ឡើង​សាវនាការ​នៅ​ពេល​ខាង​មុខ

នា​ថ្ងៃ​នេះ​ខ្សែប្រយុទ្ធ Manchester United កីឡាករ Mason Greenwood ត្រូវ​បាន​តុលាការ​អង់គ្លេស​ដោះ​លែង​ជា​បណ្ដោះ​អាសន្ន ហើយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ កីឡាករ​រូប​នេះ​នឹង​ឡើង​សាវនាការ​ជា​ថ្មី​នៅ​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ទាក់​ទង​នឹង​សំណុំ​​ក្ដី​សង្ស័យ​រំលោភ​សេព​សន្ថេវៈ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត។

តាម​ពិត​ទៅ​ Greenwood ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ​មក​ម៉្លេះ ពាក់​ព័ន្ធ​សំណុំ​ក្ដី​ខាង​លើ។ មិន​យូរ​ប៉ុន្មាន រូប​គេ​ក៏​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន ហើយ​​ឡើង​តតាំង​ក្ដី​នៅ​តុលាការ។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លង​ទៅ កីឡាករ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី ដោយ​តុលាការ​បាន​រក​ឃើញ​ថា​រូប​គេ បាន​បំពាន​បំរាម​មួយ​ចំនួន។ ទើប​តែ​ដល់​ថ្ងៃ​នេះ ទើប​តុលាការ​បាន​សម្រេច​ដាក់​ឲ្យ Greenwood នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ក្រោម​លក្ខខណ្ឌ​ត្រូវ​តែ​ស្នាក់​នៅ​ផ្ទះ​អចិន្ត្រៃយ៍​របស់​គេ​នៅ​ទី​ក្រុង Manchester ហើយ​មិន​ត្រូវ​ទៅ​ជួប​សាក្សី​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​នេះទេ។ សូម​បញ្ជាក់​ផង​ដែរ​ថា Greenwood ត្រូវ​បាន​ស្ដ្រី​ម្នាក់​ប្ដឹង​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​រំលោភ​សេព​សន្ថេវៈ​ ពី​បទ​ប្រើ​ប្រាស់​អំពើ​ហឹង្សា​ និង​សកម្មភាព​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ផ្សេង​ទៀត។ កីឡាករ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​មករា​ឆ្នាំ​នេះ។ មួយ​ខែ​ក្រោយ​មក ក្លឹប​បិសាច​ក្រហម​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​មិន​ឲ្យ​កីឡាករ​រូប​នេះ​ចូល​ហ្វឹកហាត់ ឬ​ចូល​លេង​ការ​ប្រកួតរបស់ក្លឹប រហួត​ដល់​សំណុំ​រឿង​ក្ដី​ក្ដាំ​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ៕