Haaland ចង់​ដូច​ Benzema នៅ​បន្ត​អភិវឌ្ឍ​ខ្លួន​រហូត​ ទោះ​វ័យ​កាន់​តែ​ច្រើន​ក៏​ដោយ​

ខ្សែប្រយុទ្ធ​ Erling Haaland បាន​និយាយ​ទៅ​កាន់សារព័ត៌មាន​ FourFourTwo នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ចង់​ដើរ​​ផ្លូវ​ដូច​ ខ្សែប្រយុទ្ធ​ Karim Benzema ដោយ​នៅ​តែ​បន្ត​អភិវឌ្ឍ​ខ្លួន​រហូត​ ទោះ​វ័យ​កាន់​តែ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​។

Haaland បាន​និយាយ​ថា​៖” ខ្ញុំ​មិន​ដឹង​ទេ​ថា​អនាគត​នឹង​មាន​អ្វី​កើត​ឡើង​ ប៉ុន្តែ​យ៉ាង​ម៉េច​ក៏​ដោយ​គឺ​ត្រូវ​តែ​រៀន​ និង​អភិវឌ្ឍ​ខ្លួន​ជា​និច្ច​។ យើង​មិន​ត្រូវ​​ឈប់​រក​មើល​អ្វី​ដែល​ថ្មី​ ដើម្បី​ធ្វើ​ឲ្យ​យើង​កាន់​តែ​ល្អ​ប្រសើរ​នោះ​ទេ​ “។ កីឡាករ​នេះ​បន្ត​ថា​៖” មើល​ទៅ​ Karim Benzema នៅ​ Real Madrid។ គាត់​អាយុ​៣៤ឆ្នាំ​ហើយ​ឥឡូវ​នេះ​ ហើយ​សុខៗ​គាត់​ស្រាប់​តែ​វិវឌ្ឍ​ខ្លួន​ឯង​ក្លាយ​ជា​កីឡាករ​មួយ​ដែល​ល្អ​ជាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ អញ្ចឹង​រឿង​នេះ​គឺ​ល្អ​ខ្លាំង​ណាស់​ ខ្ញុំ​តែង​តែ​ចង់​ធ្វើ​អញ្ចឹង​ដូច​គាត់​រហូត​មក​ “។ ទាំង​ Haaland និង​ Benzema នៅ​ក្នុង​ឆ្នាំ​២០២២ គឺ​សុទ្ធ​តែ​ជាប់​ក្នុង​បេក្ខជន​ដែល​អាច​ឈ្នះ​ពាន​ Ballon d’Or។ យ៉ាង​ណា​ក្នុង​ចំណោម​បេក្ខជន​ដែល​អាច​ឈ្នះ​ពាន​នេះ​គឺ​ Benzema ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈ្នះ​ពាន​មួយ​នេះ​ ព្រោះ​គេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​កាល​ពី​រដូវកាល​ឆ្នាំ​២០២១/២២ ជួយ​ឲ្យ​ Real ឈ្នះ​ Chmapions Leauge និង​ La Liga ៕