Haaland មាន​ប្រាក់​ឈ្នួល​ខ្ទង់​លាន​ក្នុង​មួយ​អាទិត្យ ក្រោយ​ចូល​លេង​នៅ Man City

ខ្សែ​ប្រយុទ្ធ​ន័រវែស​កីឡាករ Erling Braut Haaland មាន​ប្រាក់​ឈ្នួល​រហូត​ដល់ ១លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ក្រោយ​ពី​ចូល​លេង​នៅ​ក្លឹប​មេឃខៀវ​ Manchester City។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Dailymail។

សារព័ត៌មាន​ខាង​លើ​បាន​ឱ្យ​បាន​ដឹង​ថា តាម​ពិត​ទៅ​ កីឡាករ​កើត​ឆ្នាំ​២០០០ រូប​នេះ​មាន​ប្រាក់​ឈ្នួល​គោល​ក្បែរៗ​នឹង​កីឡាករ​ល្បីៗ​នៅ​ក្នុងក្លឹប​នេះ​ដែរ​ទេ។ យ៉ាងណាមិញ ដោយសារ​តែ​ក្នុង​កុងត្រា​មាន​បញ្ចូល​ប្រាក់​រង្វាន់​ផ្សេងៗ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ស៊ុត​បញ្ចូល​ទី​ ទើប​បណ្ដាល​ឱ្យ​កីឡាករ​នេះ​រក​ចំណូល​បាន​ច្រើន​បែប​នេះ។ តាំង​ពី​ចូល​ Man City មក​ Haaland រក​បាន ១៩គ្រាប់ ក្នុង​១២ប្រកួត​មក​ហើយ។ ប្រសិន​បើ​កីឡាករ​រូប​នេះ​បន្ត​ស៊ុត​ចូល​ត​ទៅ​ទៀត​នោះ​នៅ​ឆ្នាំ​ដំបូង Haaland នឹង​រក​បាន​ខ្ទង់ ៥២លាន​ដុល្លារ​។ ខ្សែ​ប្រយុទ្ធ​វ័យ ២២ឆ្នាំ​រូប​នេះ​បាន​ផ្ទេរ​ពី​ក្លឹប Dortmund មក​ Manchester City នៅ​ក្នុង​ឆ្នាំ២០២២​នេះ៕