Man City ចង់​ឲ្យ​ Pep បន្ត​កុងត្រា​ថ្មី​ជា​អ្នកចាត់ការ​ក្លឹប​ មុន​ដាច់​ឆ្នាំ​នេះ​

ក្លឹប​ Manchester City សង្ឃឹម​ថា​ លោក​ Pep Guardiola នឹង​ព្រម​បន្ត​កុងត្រា​ថ្មី​ជា​អ្នកចាត់ការ​ក្លឹប​នេះ​ដដែល​ មុន​ដាច់​ឆ្នាំ​២០២២​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ 90min នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ដដែល​នេះ​ ក្លឹប​យក្ស​អង់គ្លេស​រូប​នេះ​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​ អ្នកដឹកនាំ​ក្លឹប​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ខ្លាំង​ ដោយ​ចង់​ឲ្យ​បន្ត​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៥ ខណៈ​កុងត្រា​រវាង​លោក​ និង​ក្លឹប​បច្ចុប្បន្ន​នេះ​នឹង​បញ្ចប់​នៅ​ចុង​រដូវកាល​ឆ្នាំ​២០២២/២៣។ មក​ទល់​នឹង​ពេល​នេះ​ លោក​ Pep មិន​ទាន់សម្រេច​ចិត្ត​យ៉ាង​ណា​ទេ​ ប៉ុន្តែ​ខាង​ Man City ជឿជាក់​ខ្ពស់​ថា​អ្នកចាត់ការ​រូប​នេះ​នឹង​បន្ត​កុងត្រា​ថ្មី​។ លោក​ Pep ជា​ចំណោម​អ្នកចាត់ការ​ក្លឹប​ដ៏​ជោគជ័យ​បំផុត​ក្នុង​វិស័យ​បាល់ទាត់​ ដោយ​លោក​ធ្លាប់​ដឹកនាំ​ក្លឹប​ Barcelona, Bayern Munich និង​ Man City នាំ​មក​ជោគជ័យ​យ៉ាង​ណា​ខ្លាំង​ដោយ​ធ្លាប់​ឈ្នះ​ពាន​តូចធំ​ជា​ច្រើន​។ ជា​ពិសេស​ក្នុង​រយៈពេល​ដឹកនាំ​ Man City ៦ឆ្នាំ​កន្លង​ទៅនេះ​ លោក​អាច​នាំ​យក​នូវ​ពាន​ PL រហូត​ទៅ​ដល់​៤ដង​ នៅ​ឡើយ​តែ​ពាន​ Champions League ដែល​លោក​មិន​ទាន់​យក​បាន​ឲ្យ​ក្លឹប​អង់គ្លេស​៕