Man City ចែកគ្នា 1 ពិន្ទុជាមួយ Newcastle ខណៈក្រុមមេឃខៀវបានវាយបកតាមស្មើ

ក្រុមម្ចាស់ជើងឯក EPL រដូវកាលមុន Manchester City បានវាយបកតាមស្មើបន្ទាប់ពីពួកគេត្រូវបាននាំមុខ 3-1 នៅលើទឹកដីក្រុម Newcastle ក្នុងការប្រកួតដ៏ស្វិតស្វាញ ដែលមានការស៊ុតបញ្ចូលទីចំនួន 6 គ្រាប់។

Newcastle រកបានពីរគ្រាប់នាំមុខមុននៅត្រឹមនាទីទី 54 ប៉ុន្តែ Erling Haaland និង Bernardo Silva បានស៊ុតបញ្ចូលទីក្នុងរយៈពេលត្រឹមតែ 4 នាទី ដើម្បីធានាការចាប់ផ្តើមរដូវកាលមិនដែលចាញ់របស់ក្រុម Man City ក្នុងការការពារពានរង្វាន់ Premier League របស់ពួកគេ។

City បានបើកការនាំមុខនៅនាទីទី 5 ដោយខ្សែបម្រើ Ilkay Gundogan ។ ចំណែក អ្នកចាំទីជម្រើសជាតិអង់គ្លេស Nick Pop បានធ្វើការសង្គ្រោះជាច្រើនដង មុនពេលគ្រាប់បាល់ Miguel Almiron ដែលជាគ្រាប់តាមស្មើរបស់ម្ចាស់ផ្ទះ នៅនាទី 28 បន្ទាប់ពីការពិនិត្យវីដេអូជំនួយ ថាជាបាល់មិន Offside ។ Callum Wilson បានផ្ដល់ការនាំមុខនៅនាទី 39 សម្រាប់ក្រុមសារិកាព្រៃ មុនកញ្ចែចប់វគ្គទីមួយ។

ជាមួយនឹងការចាប់ផ្ដើមវគ្គទីពីរបាន 9 នាទី Newcastle បានបន្តរកគ្រាប់បាល់ទី 3 ដែលជាការទាត់ហ្វ្រីឃីករបស់ Kieran Trippier ។ យ៉ាងណាមិញ Haaland និង Silva គឺជាអ្នកស្វែងរក 1 ពិន្ទុ សម្រាប់ City ដោយរកគ្រាប់បញ្ចូលទីនៅនាទី 60 និង 64 ។

លទ្ធផលនេះ ធ្វើឱ្យ Man City ធ្លាក់មកលេខ 2 ជាមួយនឹង 7 ពិន្ទុក្នុង 3 ប្រកួត ខណៈ Arsenal បានឡើងទៅលេខ 1 មាន 9 ពិន្ទុ។ ចំណែក Newcastle ឈរលេខ 6 បណ្ដោះអាសន្ន ដោយមាន 5 ពិន្ទុ៕