Man United បោះបង់​លែង​ចង់​បាន Rabiot ដោយ​សារ​ទារ​ថ្លៃ​ពលកម្ម​ខ្ពស់​ពេក

បំណង​របស់ Manchester United ក្នុង​ការ​​ចុះ​កុងត្រា​ផ្ទេរ​យក Andrien Rabiot ពី​ក្លឹប​ Juventus ត្រូវ​​បាន​បោះបង់ បន្ទាប់​ពី​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ទាមទារ​​ថ្លៃ​ពលកម្ម​ខ្ពស់​ពេក។

បន្ទាប់​ពី​​លើ​កិច្ចព្រមព្រៀង​ជាមួយ Juventus ក្នុង​តម្លៃ​ខ្លួន​១៥,២​លាន​ផោន កើន​ដល់​១៩​លាន​ផោន Man United សង្ឃឹម​​ខ្ពស់​​អាច​បញ្ចុះបញ្ចូល Rabiot ផ្ទេរ​មក​កាន់​កីឡដ្ឋាន Old Traffrod។ យ៉ាងណាក្ដី​ ការ​ទាមទារ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ដោយ​​ភ្នាក់ងារ​របស់​កីឡាករ​​និង​ជា​ម្ដាយ អ្នក​ស្រី Veronique បាន​ធ្វើ​ឲ្យ​បិសាច​ក្រហម​បោះបង់​ការ​ចរចា។ ប្រភព​​ជា​ច្រើន​បាន​បញ្ចេញ​ថា សំណើ​​របស់ Man United ​កន្លង​​នឹង​ធ្វើ​ឲ្យ Rabiot ក្លាយ​​ជា​កីឡាករ​​ទទួល​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ម្នាក់​នៅ​ក្នុង​ក្លឹប។ ប៉ុន្តែ​ភ្នាក់ងារ​របស់​កីឡាករ​ចង់​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​ក្លឹប​ផ្ដល់​ឲ្យ Man United សម្រេច​ចិត្ត​បោះបង់​លែង​ចង់​បាន​តែ​ម្ដង។ Man Utd បាន​បង្វែរ​ចង់​បាន​កីឡាករ​វ័យ​២៧​ឆ្នាំ បន្ទាប់​ពី​ពិបាក​ក្នុង​ការ​តាម​ទិញ Frenkie de Jong ពី Barcelona។ អ្នក​ចាត់​ការ​របស់ United លោក Erik ten Hag កំពុង​ស្វែង​រក​ខ្សែ​បម្រើ​ការពារ​​ថ្មី​ដើម្បី​បំពេញ​ចន្លោះ​ក្នុង​ក្រុម​​ដែល​កំពុង​ខ្វះខាត៕