Man Utd ឈានទៅការសម្រេចផ្ទេរយកខ្សែបម្រើ Real Madrid ជាផ្លូវការ

Manchester United កាន់តែខិតជិតការចុះហត្ថលេខាជាមួយខ្សែបម្រើ Casemiro របស់ Real Madrid ក្នុងតម្លៃ 60 លានអឺរ៉ូ បូកនឹង 10 លានអឺរ៉ូជាប្រាក់បន្ថែម។ ការពិភាក្សានេះបានវិវឌ្ឍលឿនហួសការរំពឹងទុក ហើយ United មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងសម្រាប់កីឡាករអន្តរជាតិប្រេស៊ីលវ័យ 30 ឆ្នាំនឹងត្រូវបានបញ្ចប់នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

Casemiro បាននៅជាមួយ Real តាំងពីឆ្នាំ 2013 ដោយឈ្នះពាន La Liga 3 ដង និង Champions League 5 ដង។ ចំណែក United ស្ថិតនៅបាតតារាង Premier League ហើយនឹងត្រូវទទួលភ្ញៀវ Liverpool នៅក្នុងការប្រកួតក្រោយ។

Casemiro នឹងក្លាយជាកីឡាករម្នាក់ដែលរកចំណូលបានច្រើនជាងគេរបស់ Man Utd ប្រសិនបើ គេសម្រេចការផ្ទេរនេះ ហើយនឹងចុះហត្ថលេខាលើកុងត្រារយៈពេល 4ឆ្នាំ ដោយមានជម្រើសបន្តកុងត្រា 1 ឆ្នាំបន្ថែមទៀត។

ទោះបីជា Casemiro មានកុងត្រាដល់ឆ្នាំ 2025 ក៏ដោយ ក៏ Real ចាប់អារម្មណ៍លើសំណើដែលផ្ដល់ជូនដ៏ធំរបស់ United ។ Real នឹងមិនរារាំងផ្លូវរបស់គេទេ ប្រសិនបើគេសម្រេចចិត្តចូលរួមជាមួយបិសាចក្រហម។

ខ្សែបម្រើការពាររូបនេះ បានបង្ហាញខ្លួន 222 ប្រកួតឱ្យក្លិបយក្សអេស្ប៉ាញ និងស៊ុតបញ្ចូលទីបាន 24 គ្រាប់៕