Mane នឹង​ខកខាន​ចូល​លេង​ប្រកួត​ដំបូង​ៗ​នៅ​ World Cup

ខ្សែ​ប្រយុទ្ធ​ក្លឹប Bayern Munich កីឡាករ Sadio Mane នឹង​ខកខាន​ចូល​លេង​ប្រកួត​ដំបូងៗ​ឱ្យ​ក្រុមជម្រើសជាតិ​សេណេហ្គាល់ នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២២នាឯ​ប្រទេស​កាតារ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AP។

សារព័ត៌មាន​ខាង​លើ​បាន​ធ្វើ​ការ​ដកស្រង់​នូវ​ការ​លើកឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​សហព័ន្ធ​បាល់ទាត់​សេណេហ្គាល់​លោក Abdoulaye Sow។ លោក Sow បាន​និយាយ​ថា​៖ «យើង​នឹង​ត្រូវ​តែ​លេង​ប្រកួត​ដំបូង​ៗ​ដោយ​គ្មាន​វត្តមាន Sadio និង​ឈ្នះ​ការ​ប្រកួត​ដោយ​គ្មាន​ Sadio»។ ខាង​សេណេហ្គាល់​បាន​ឱ្យ​ដឹង​ថា Mane មាន​របួស​ឆ្អឹង​កំភួន​ជើង តែ​កីឡាករ​ឆ្នើម​អាហ្វ្រិក​រូប​នេះ​មិន​ត្រូវ​ការ​ការ​វះកាត់​ទេ។ សេណេហ្គាល់​ស្ថិត​នៅ​ពូល A ជាមួយ​កាតារ ហុល្លង់ និង​អេក្វាឌ័រ។ ប្រកួត​បើក​ឆាក​របស់​ប្រទេស​នេះ​គឺ​ប៉ះ​នឹង​ប្រទេស​ហុល្លង់​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ៕