Martinez នឹង​ក្លាយ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លំដាប់​ទី​២នៅ United

Manchester United បាន​បញ្ជាក់​ថា ក្លឹប​​​យល់​ព្រម​ជាមួយ Ajax លើ​​​កិច្ចព្រមព្រៀង​តម្លៃ​ខ្លួន​៥៥,៣​លាន​ផោន​សម្រាប់​ខ្សែ​ការពារ​កណ្ដាល Lisandro Martinez។

កីឡាករ​វ័យ​២៤​ឆ្នាំ​សញ្ជាតិ​អាហ្សង់ទីន​ដែល​បាន​ហោះ​​កាន់​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​បំពេញ​ការ​ផ្ទេរ​​នៅ​ត្រូវ​ការ​ពិនិត្យ​សុខភាព​និង​ទទួល​បាន​​ទិដ្ឋាការ។ យ៉ាងណាមិញ United រំពឹង​ថា​ នឹង​មិន​មាន​បញ្ហា​អ្វី​​ឡើយ​ ហើយ​ការ​ផ្ទេរ​​ជា​ផ្លូវការ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

តម្លៃ​ខ្លួន​៥៥,៣​លាន​ផោន​នឹង​ធ្វើ​ឲ្យ Martinez ក្លាយ​​ជា​ខ្សែ​ការពារ​​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លំដាប់​ទី​ពីរ​នៅ United បន្ទាប់​ពី Harry Maguire។ គេ​នឹង​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​​ជាមួយ​​ជម្រើស​បន្ត​មួយ​ឆ្នាំ និង​ទទួល​បាន​ថ្លៃ​នឿយហត់​១២​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។​

​Martinez នឹង​ក្លាយ​ជា​កីឡាករ​ទី​៣​ដែល​បិសាច​ក្រហម​នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី Tyrell Malacia និង Christian Eriksen៕