Mbappe ថា​ខ្លួន​មិន​បាន​សុំ​ក្លឹប​ចេញ​នៅ​ខែ​មករា​នោះទេ

ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​និយាយ​ថា គេ​មិន​បាន​​សុំ​​ចាកចេញ​ពី​ក្លឹប Paris St-Germain ​នៅ​ខែ​មករា ដូច​ដែល​សេចក្ដី​រាយការណ៍​បាន​ចុះផ្សាយ​នោះ​ទេ។

កីឡាករ​វ័យ​២៣​ឆ្នាំ​​​ទើប​​តែ​បាន​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ជាមួយ PSG កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ មុន​ចុះ​កុងត្រា​នេះ​ គេ​ធ្លាប់​មាន​ការ​ទាក់ទង​ផ្លាស់​ទៅ​កាន់​ក្លឹប Real Madrid។ ពេល​នេះ​សមាជិក​ឈ្នះ World Cup ២០១៨ បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​ខ្លួន​គេ​ចេញ​ពី​ក្លឹប​នៅ​ខែ​មករា​ខាង​មុខ។ ក្រោយ​ជួយ PSG យក​ឈ្នះ Marseille ១-០ កាល​ពី​យប់​មិញ​កីឡាករ​សញ្ជាតិ​បារាំង​បាន​និយាយ​ថា គេ​សប្បាយ​ចិត្ត ហើយ​ក៏​មិន​បាន​សុំ​ក្លឹប​ចេញ​នៅ​ខែ​មករា​នេះ​ដែល។ ព័ត៌មាន​នេះ​បាន​លេច​ឡើង​មុន​ការ​ប្រកួត​រវាង PSG និង Benfica ក្នុង​ពាន​រង្វាន់ Champions League កាល​ពី​សប្ដាហ៍​មុន។ Mbappe ពិត​ជា​មិន​យល់​ថា​រឿង​រ៉ាវ​នេះ​​​ចេញ​មក​ពី​ប្រភព​ណា​ឡើយ ហើយ​គេ​​ក៏​ភ្ញាក់ផ្អើល​ដូច​​អ្នក​គាំទ្រ​គ្រប់​គ្នា​ដែរ។ PSG បច្ចុប្បន្ន​នៅ​តែ​រក្សា​កំណត់ត្រា​មិន​ទាន់​ចាញ់​ក្នុង Ligue 1 ក្រោយ​ឈ្នះ ១-០ លើ Marseille ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Neymar៕