Messi តាម​ទាន់​កំណត់ត្រា​មួយ​របស់ Ronaldo នៅ Champions League

Lionel Messi បាន​ក្លាយ​ជា​កីឡាករ​ទី​​៤​ដែល​បង្ហាញ​ខ្លួន​​១៩​រដូវ​កាល​នៅ​ពាន​រង្វាន់ Champions League ក្រោយ​​ចូល​លេង​ឲ្យ PSG យក​ឈ្នះ Juventus ២-១។

ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​លេង​ទល់​នឹង Juventus កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​​បាន​តាម​ទាន់​កំណត់ត្រា​​របស់ Cristiano Ronaldo និង Ryan Giggs ក្នុង​ការ​បង្ហាញ​ខ្លួន​​លើក​ទី​១៩​រដូវ​កាល​នៅ UCL។ Messi ខ្វះ​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ​នឹង​តាម​ស្មើ​កំណត់ត្រា​​របស់​​អ្នក​ចាំ​ទី​ Iker Casillas។ Messi វ័យ​៣៥​ឆ្នាំ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Champions League ដំបូង​​ទល់​នឹង​ក្រុម Shakhtar Donetsk ក្នុង​រដូវ​កាល​២០០៤-០៥ ហើយ​មិន​ដែល​ខកខាន​ចូលរួម​ឡើយ​ចាប់​តាំង​ពី​ពេល​នោះ​មក។ គេ​ធ្លាប់​ឈ្នះ​ពាន​ UCL ​ចំនួន​​៤​ដង អំឡុង​ពេល​លេង​ឲ្យ Barcelona។ Ronaldo បាន​បង្ហាញ​ខ្លួន​នៅ​ពាន​រង្វាន់ UCL ១៩​រដូវ​កាល​ជាប់​គ្នា ប៉ុន្តែ​រដូវ​កាល​នេះ​បាន​ខកខាន​ដោយ​សារ​តែ Manchester United គ្មាន​កៅអី​ទៅ​លេង​ពាន​រង្វាន់​ខាងលើ៕