Newcastle ឡើង​ប្រជែង​ពាន​ជាមួយ​ក្លឹប​យក្ស​ទាំង ៦ ក្រោយ​ពី​នាយករដ្ឋមន្ត្រី​អារ៉ាប​ទិញ​ក្លឹបបាន​មួយ​ឆ្នាំ

កាល​ពី​ខែ​តុលា​ ឆ្នាំ២០២១ ក្លឹប​ Newcastle United ត្រូវ​បាន​លក់​ទៅ​ឱ្យ​សម្ព័ន្ធ​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលនិធិ​វិនិយោគ​សាធារណៈ​ (PIF) នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​អ្នក​ដឹក​មុខ។ មួយ​ឆ្នាំ​ក្រោយ​មក ក្លឹប​នេះ​បាន​ឡើង​​ឈរ​លេខ ៤ នៃ​តារាង​ Premier League ក្រោយ​យក​ឈ្នះ​ក្លឹប Tottenham Hotspur កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ក្លឹប​នេះ​មាន​ ២១ពិន្ទុ​ក្នុង​ដៃ ស្រប​ពេល​ដែល​ក្រុម​លេខ ១ Arsenal មាន ២៨ពិន្ទុ។ ប្រសិន​បើ​ក្លឹប​សារិកាកែវ​នេះ​អាច​ឈរ​ជើង​បាន​ត្រឹម​លេខ ៤ ដល់​ចប់​រដូវ​កាល​២០២២/២៣ ក្លឹប​នេះ​នឹង​បង្ហាញ​មុខ​នៅ​វេទិកា UEFA Champions League ជា​លើក​ដំបូង​ក្នុង​រយៈពេល ២០ឆ្នាំ។ ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​នេះ បាន​ធ្វើ​ឱ្យ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​អង់គ្លេស​ចាប់​ផ្ដើម​វាយតម្លៃ​ថា នៅ​អង់គ្លេស​អាច​នឹង​មាន «ក្លឹប​កំពូល​ទាំង ៧» ដោយ​រាប់​ក្លឹប​កំពូល​ចាស់​ចំនួន ៦ បូក​នឹង​ Newcastle។ បម្រែបម្រួល​មួយ​នេះ​អាច​មក​ពី​ការ​ចាក់​លុយ​យ៉ាង​សន្ធឹក​ពី​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត តាម​រយៈ​មូលនិធិ​សាធារណៈ​របស់​ខ្លួន។ Newcastle នៅ​ពេល​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Yasir Al-Rumayyan ទេសាភិបាល​របស់​មូលនិធិ​ PIF តែ​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា ការ​ទិញ​យក​ក្លឹប​មួយ​នេះ​អាច​ទទួល​បាន​ភ្លើង​ខៀវ​ពី​សំណាក់​ព្រះអង្គ​ម្ចាស់​ Mohammed bin Salman រជ្ជទាយាទ​ និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ មក​ទល់​ពេល​នេះ​ គេ​សង្កេត​ឃើញ​ថា Newcastle ទើប​តែ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្លឹប ដោយ​មិន​ទាន់​មាន​ការ​នាំ​ចូល​សមាសភាព​កីឡាករ​ថ្មីៗ​ល្បីៗ​ណា​មួយ​ឡើយ។ យ៉ាងណាមិញ គេ​នឹង​ទន្ទឹង​រង់ចាំ​ពី​សកម្មភាព​របស់​ក្លឹប​នេះ​នៅ​ក្នុង​ទីផ្សារ​រដូវ​រងា​ខាង​មុខ​នេះ៕