Phil Foden បោះសម្ដីថាគេចង់សងសឹកក្រុមជម្រើសជាតិអ៊ីតាលីនៅ World Cup ខ្លាំងណាស់

ខ្សែបម្រើ Phil Foden នៃក្លិប Manchester City និងជម្រើសជាតិអង់គ្លេស បាននិយាយថារូបគេចង់សងសឹកក្រុមជម្រើសជាតិអ៊ីតាលី ណាស់ប៉ុន្តែគួរឲ្យសោកស្ដាយដែល ភាគីលោក Roberto Mancini គ្មានកៅអីលេងបាល់ទាត់ពិភពលោកនៅកាតា។

អង់គ្លេស បានចាញ់ អ៊ីតាលី នៅវគ្គប៉េណាល់ទីកាត់សេចក្ដីក្រោមលទ្ធផល ៣ ទល់នឹង២ នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Euro 2020 ដែលធ្វើឲ្យអង់គ្លេសបានត្រឹមតំណែងជើងឯករង។ យ៉ាងណាមិញ អ៊ីតាលី បានខកខានការប្រកួតនៅបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះក៏ដោយសារចាញ់ក្រុម ម៉ាសេដូនីខាងជើង ១ ទល់នឹង០ នៅវគ្គ Play-Off ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ អវត្តមានរបស់ អ៊ីតាលី ធ្វើឲ្យ Phil Foden បាននិយាយថា៖ “ពិតណាស់ តាំងពីការប្រកួត Euro មកគឺ ការឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រគឺជាសមិទ្ធផលដ៏ល្អមួយ។ Harry Kane បាននិយាយរួចហើយថា ពួកយើងជាក្រុមដែលមានភាគរយឈ្នះដែរ។ពួកយើងគ្រាន់តែមានទំនុកចិត្តនិងជឿជាក់លើវាទៅ។ វាពិតជាគួរឲ្យអាម៉ាស ណាស់ដែល អ៊ីតាលី មិនលេងនៅទីនេះ ដូច្នេះពួកយើងអាចសងសឹកពួកគេ”៕