Real Madrid បានលក់កីឡាករ Miguel Gutiérrez ទៅឲ្យក្លិប Girona FC

ក្លិបអធិរាជស Real Madrid បានប្រកាសនៅលើទំព័រវេបសាយ ផ្លូវការរបស់ខ្លួនថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងលក់ខ្សែការពារស្លាបឆ្វេង កីឡាករ Miguel Gutiérrez ទៅឲ្យក្លិប Girona FC ដែលជាក្លិបរួមលីគ នៅក្របខណ្ឌ ​La Liga។ បន្ថែមពីនេះ បើតាមកាសែត AS បានឲ្យដឹងថាក្លិបយក្សអេស្ប៉ាញមួយនេះ បានលក់ Miguel ទៅឲ្យ Girona ក្នុងតម្លៃត្រឹម៤លានអឺរ៉ូ ប៉ុន្តែមានបញ្ចូលលក្ខខណ្ឌទទួលបានចំណែកឯ៥០ភាគរយ ពេលលក់បន្តឲ្យក្លិបណាផ្សេងទៀត។ គួររម្លឹកដែរថា Miguel ជាកីឡាករដែល Real Madrid បណ្ដុះចេញពីថ្នាលយុវជនរបស់ក្លិបផ្ទាល់តែម្ដង ដោយរូបគេត្រូវបានផ្ដល់ឱកាសឲ្យឡើងមកលេងក្នុងក្រុមឈុតធំជំនាន់លោក Zinedine Zidane វិលមកដឹកនាំក្លិបជើងឯក Champions League ១៤សម័យ ជាលើកទី២។ ជាមួយគ្នានេះ Real Madrid ក៏បានផ្ញើសារជូនពរ Miguel ក្នុងដំណើរជីវិតជាមួយក្លិបថ្មីយ៉ាងដូច្នេះថា៖ “ក្លិបរបស់យើងសូមថ្លែងអំណរគុណចំពោះគាត់ចំពោះការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ពេលវេលារបស់គាត់នៅ Real Madrid ហើយសូមជូនពរគាត់ និងក្រុមគ្រួសាររបស់គាត់ឱ្យទទួលបានភាពរីករាយបំផុតនៅក្នុងជំពូកថ្មីនៃជីវិតរបស់គាត់”៕