Ronaldo៖ ខ្ញុំ​ត្រូវ​បាន​គេ​ក្បត់​នៅ Man Utd

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​លើកឡើង​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ដ៏​ភ្ញាក់​ផ្អើល​ថា ខ្លួន​ត្រូវ​បាន​គេ​ក្បត់​នៅ​ក្នុង​ក្លឹប​ Manchester United។

ក្នុង​បទសម្ភាសន៍​ដែល​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ Ronaldo បាន​លើកឡើង​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​ក្បត់​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ថា គេ​អត់​ចង់​ឱ្យ​ខ្ញុំ​នៅ​ទីនេះ។ មិនមែន​តែ​ឆ្នាំ​មុន​ទេ ឆ្នាំ​ហ្នឹង​ក៏​អញ្ចឹង​ដែរ»។ Ronaldo បាន​ទម្លាយ​ថា អ្នក​ចាត់ការ​ក្លឹប​បិសាច​ក្រហម​លោក Erik Ten Hag ថែម​ទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​ ២ ឬ ៣នាក់​ទៀត​ចង់​ឱ្យ​គេ​ចេញ​ពី​ក្លឹប។ ជាមួយ​គ្នា​នេះ​ដែរ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​និយាយ​ត្រង់ៗ​ថា គេ​មិន​មាន​ក្ដី​គោរព​ចំពោះ​លោក Ten Hag ទេ​ ដោយសារ​តែ​បុរស​ជនជាតិ​ហុល្លង់​រូប​នេះ​មិន​ដែល​គោរព​ខ្លួន​វិញ​សោះ៕