Ronaldo ថា​កីឡាករ​ក្មេង​ៗ​ Man Utd គ្មាន​ផ្លូវ​ឈរ​នៅ​កម្រិត​​កំពូល​បាន​យូរ​ដូច​ជំនាន់​គេ​នោះ​ទេ​

ខ្សែប្រយុទ្ធ​ Cristiano Ronaldo បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជា​មួយ​លោក​ Piers Morgan ក្នុង​កម្មវិធី​ Talk TV កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កីឡាករ​ក្មេង​ៗ​របស់​ Manchester United គ្មាន​ផ្លូវ​ឈរ​នៅ​កម្រិត​កំពូល​ក្នុង​អាជីព​បាល់ទាត់​បាន​យូរ​ដូច​ជំនាន់​គេ​បាន​នោះ​ឡើយ​។

Ronaldo បាន​និយាយ​ថា​៖” សម្រាប់​ខ្ញុំ​គឺ​ចម្លែក​ចិត្ត​មែន​ទែន​ ហើយ​​ក៏​មាន​ការ​សោកស្ដាយ​តិច​តួច​ផង​ដែរ​ ដែល​កីឡាករ​ក្មេង​ៗ​នៅ​នេះ​ ពួក​គេ​ហាក់​ដូច​ជា​មិន​សូវ​ជា​យក​តម្រាប់​តាម​យើង​ ព្រោះ​កាល​ខ្ញុំ​ ខ្ញុំ​ចាំ​បាន​ពេល​ខ្ញុំ​អាយុ​១៨-២០ អី​ហ្នឹង​ ខ្ញុំ​តែង​មើល​ និង​ធ្វើ​តាម​កីឡាករ​ឆ្នើម​ៗ​ទាំង​អស់​ហ្នឹង​ដូច​ជា​ Van Nistelrooy, Ferdinand, Roy Keane និង​ Giggs អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ជោគជ័យ​ និង​ឈរ​នៅ​កម្រិត​កំពូល​បាន​យូរ​ “។ កីឡាករ​នេះ​បន្ត​ថា​៖” តែ​នេះ​ពួក​គេ​នេះ​ដូចជាអត់​ខ្វល់ សាកល្បង​ជា​មួយ​យើង​ទេ​។ អ្នក​ខ្លះ​ក៏​បាន​ធ្វើ​អញ្ចឹង​ទៅ​ តែ​ភាគ​ច្រើន​គឺ​អត់​ទេ​។ សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ​ ព្រោះ​តែ​ពួក​គេ​នឹង​អាច​ឈរ​នៅ​កម្រិត​កំពូល​ក្នុង​អាជីព​បាល់ទាត់​បាន​យូរ​នោះ​ទេ​ និយាយ​ទៅ​គ្មាន​ផ្លូវ​តែ​ម្ដង​។ ជំនាន់​ខ្ញុំ​ឃើញ​សម្រាប់​ហើយ​ កីឡាករ​ជា​ច្រើន​អាច​លេង​ក្នុង​កម្រិត​កំពូល​ដល់​អាយុ​៣៦-៣៨អី​ណោះ​។ តែ​ជំនាន់​នេះ​គឺ​មិន​អាច​យូរ​អញ្ចឹង​ទេ​ “។ ក្នុង​កិច្ច​សម្ភាសន៍​ខាង​លើ​នេះ​ទាំង​ស្រុង​នេះ​ Ronaldo បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ និង​រិះគន់​​ Man Utd ក៏​ដូច​ជា​អ្នកចាត់ការ​ក្លឹប​ ត្រង់ៗ​តែ​ម្ដង​ ដែល​ធ្វើ​ឲ្យ​មហា​ជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​តែ​គេ​មាន​ម៉ោង​លេង​តិច​តួច​ណាស់​ក្នុង​រដូវកាល​នេះ​៕