Ronaldo និង​គ្រូ Man Utd នឹង​ចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ ក្រោយ​ពេល​មាន​រឿង​អន់​ចិត្ត​នឹង​គ្នា

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo និង​អ្នក​ចាត់ការ​ក្លឹប Manchester United លោក Erik Ten Hag គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្វែងរក​ចំណុច​កណ្ដាល​រួម​មួយ​ ក្នុង​គោលបំណង​ឱ្យ Ronaldo ចូល​ហាត់ និង​លេង​ជាមួយ​ក្រុម​ឈុត​ធំ​របស់​ក្រុម​បិសាច​ក្រហម។

កាល​ពី​សប្ដាហ៍​មុន Ronaldo បង្ហាញ​ក្ដី​មិន​សប្បាយ​ចិត្ត​ ដោយ​បដិសេធ​មិន​ដូរ​ចូល​លេង​ ៥នាទី​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Tottenham Hotspur។ ក្រៅ​ពី​អត់​ចង់​ចូល​លេង​ហើយ កីឡាករ​រូប​នេះ​បាន​ដើរ​ចេញ​ពី​ទីលាន​មុន​ការ​ប្រកួត​បាន​បញ្ចប់​ទៀត​ផង​។ ជាលទ្ធផល​ Ronaldo ក៏​ត្រូវ​បាន​លោក Ten hag ដក​ឈ្មោះ​ចេញ​ពី​ក្រុម​កីឡាករ​ប៉ះ​នឹង​ក្លឹប Chelsea នៅ​ចុង​សប្ដាហ៍​មុន ហើយ​កីឡាករ​រូប​នេះ​ត្រូវ​បាន​បង្គាប់​ឱ្យ​ហាត់​ជាមួយ​ក្រុម​យុវជន​ទៀត​ផង​។ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ លោក Ten Hag បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​រឿង​ Ronaldo ថា៖ «យើង​នឹង​និយាយ​គ្នា​ជា​មុន​សិន​។ យើង​ត្រូវ​តែ​កំណត់​លក្ខខណ្ឌ​វិន័យ​សម្រាប់​កីឡាករ​គ្រប់​ៗ​គ្នា»។ ប្រសិន​បើ​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​ Ronaldo អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​របស់​ក្លឹប​នៅ​ក្របខ័ណ្ឌ UEFA Europa League នៅ​សប្ដាហ៍​នេះ៕