Ronaldo និង Bruno ជម្រុញឲ្យ Man United ទិញយកខ្សែការពារ Antonio Silva របស់ Benfica

ក្លិប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ និងតាមដានលើខ្សែការពារកណ្តាលរបស់ Benfica កីឡាករ Antonio Silva។

ខ្សែការពារវ័យ ១៩ ឆ្នាំខាងលើទើបតែដំឡើងមកកាន់ឈុតធំរបស់ Benfica នៅរដូវកាលនេះទេ ហើយរូបគេពិតជាបង្ហាញទម្រង់លេងបានល្អមែនទែនរហូតអាចទាក់ចិត្តគ្រូបង្វឹករបស់ក្រុមបញ្ចខែលព័រទុយកាល់លោក Fernando Santos និងត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួត World Cup Qatar ២០២២ ខាងមុខផងដែរ។ យោងតាមការចុះផ្សាយរបស់កាសែត Sunday Mirror បានឱ្យដឹងថា Man UTD គឺជាក្លិបមួយក្នុងចំណោមក្លិបធំៗផ្សេងទៀត ដែលកំពុងតាមដានលើ Silva ខណៈ Barcelona និង Real Madrid ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើខ្សែការពារសញ្ជាតិព័រទុយកាល់ រូបនេះផងដែរ។ ប្រភពដដែលបានបន្ថែមថា Cristiano Ronaldo និង Bruno Fernandes បានបង្ហាញគំនិតសុទិដ្ឋិនិយម និងបង្ហាញការគាំទ្រជាខ្លាំងក្នុងការជម្រុញឱ្យ Man UTD ទិញយកខ្សែការពាររូបនេះ៕