Ronaldo បានបង្ហោះសារបែបនេះផ្ញើជូនអ្នកគាំទ្រព័រទុយកាល់ មុនព្រឹត្តិការណ៍ World Cup ឈានចូលមកដល់

ប្រធានក្រុមជម្រើសជាតិ ព័រទុយកាល់ គឺខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហោះសារមួយជូនដល់អ្នកគាំទ្រ មុនពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឈានចូលមកដល់។

Ronaldo ក្នុងនាមជាប្រធានក្រុម មានឈ្មោះត្រូវទៅលេងនៅព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាលើកទី៥ ដែលនឹងធ្វើឡើងនាប្រទេសកាតា ពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ខែធ្នូ ដោយក្នុងនោះ ព័រទុយកាល់ ត្រូវជួបជាមួយក្រុមជម្រើសជាតិ ហ្កាណា ជាការប្រកួតបើកឆាកដំបូងគេនាថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះ។ ដោយឡែក ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះកំពុងក្លាយជាប្រធានបទជជែកវែកញែកក្ដៅគគុក ក្រោយកិច្ចសម្ភាសន៍ទាក់ទងនឹងក្លិប Manchester United ដោយរូបគេបាននិយាយថា គេមានអារម្មណ៍ដូចត្រូវក្លិបក្បត់ ហើយគេមិនគោរព លោក Erik Ten Hag ក្នុងនាមជាគ្រូបង្វឹកនោះឡើយ។ យ៉ាងណាមិញ ពេលនេះ Ronaldo បាននិយាយថាខ្លួនផ្ដោតសមាធិលើការប្រកួតឲ្យក្រុមជម្រើសជាតិវិញ ដោយបានថ្លែងថា៖ “ខ្ញុំនឹងផ្ដោតសមាធិទាំងអស់ទៅលើការប្រកួតឲ្យក្រុមជម្រើសជាតិ។ នេះគឺជាក្រុមមួយដែលសហការគ្នាបានល្អ និងមានគោលដៅមួយរួមគ្នា គឺបំពេញក្ដីស្រមៃរបស់ប្រជាជនព័រទុយកាល់ទាំងអស់!”៕