Rooneyថា​ គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ ពេល​ឮ​ដំណឹង​ Ronaldo ចប់​គ្នា​នឹង​ Man Utd

Wayne Rooney បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sports 18 នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ នៅ​ពេល​ឮ​ដំណឹង​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ក្លឹប​ Manchester United សម្រេច​បញ្ចប់​កុងត្រា​ជា​គ្នា​។

ទាក់ទង​នឹង​រឿង​ Ronaldo និង​ Man Utd កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ខ្លាំង​ ដោយ​កំពូល​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ធ្វើ​និយាយ​ទៅ​កាន់​សាធារណៈ​នៅ​ក្នុង​ពេល​សម្ភាសន៍​ថា​ មិន​ពេញ​ចិត្ត​នឹង​ក្លឹប​នេះ​ ព្រោះ​អ្នកចាត់ការ​ Erik Ten Hag ថ្នាក់ដឹកនាំ​ និង​កីឡាករ​មួយ​ចំនួន​មិន​គោរព​គេ​ ព្រម​ទាំង​ថា​ក្លឹប​នេះ​គ្មាន​ការ​វិវត្តន៍​អ្វី​សោះ​ក្រោយ​ចប់​ពី​លោក​ Alex Ferguson ។ យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​ Man Utd ក៏​ចេញ​សារ​ប្រកាស​ជា​សាធារណៈ​ថា​ ភាគី​ក្លឹប​ និង​ Ronaldo គឺ​បាន​ព្រម​ព្រៀង​គ្នា​សម្រេច​បញ្ចប់​កុងត្រា​មុន​ពេល​កំណត់​។ ពាក់ព័ន្ធ​នឹង​រឿង​ Rooney បាន​លើក​ឡើង​ថា​៖” ​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ ព្រោះ​តែ​គ្មាន​ជម្រើសជាតិ​អី​ផ្សេង​ក្រៅ​ពី​ហ្នឹង​នោះ​ទេ​ គ្រាន់​តែ​វា​រាង​អាម៉ាស់​បន្តិច​ ព្រោះ​ថា​គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​សម្រាប់​ក្លឹប​នេះ​ ខ្ញុំ​មាន​តែ​ជូនពរ​គេ​ឲ្យ​ជោគជ័យ​រាល់​កន្លែង​ដែល​គេ​ទៅ​ “។ Ronaldo ផ្លាស់​មក​ Man Utd ជា​លើក​ទី​២គឺ​ចាប់​ឆ្នាំ​២០២១មក​ ដោយ​ចូល​លេង​បាន​ ៥៤ប្រកួត​ និង​ស៊ុត​ចូល​ ២៧គ្រាប់​៕